ភ្នំពេញ ៖ រថយន្តម៉ាកToyota Prius ចំនួនពីរគ្រឿងបានបុកគ្នានៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង ហេីយរេចង្កូតទៅបុកចូលហាងលក់ស៊ុប និងគ្រឿងក្លែម បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១៣ កែងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគឺមានបុរសម្នាក់បេីករថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BC-5912 តាមបណ្ដោយផ្លូវលេខ១១៣ពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម ខណៈមកដល់ផ្លូវបំបែកជាបួនត្រង់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ទៀតបេីករថយន្តម៉ាក Toyota Prius ដូចគ្នា ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BL-0301ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២៨៨ពីកេីតទៅលិចក្នុងល្បឿនលឿនហេីយមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្ត Toyota Prius មួយគ្រឿងទៀតចំពីចំហៀងក្បាលរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឱ្យរងការខូចខាត ចំណែករថយន្តដែលបុកគេនោះនៅបន្តល្បឿនទៅបុកចូលហាងលក់ស៊ុបឆ្នាំងដីពិសេសនិងគ្រឿងក្លែមគ្រប់មុខ រងការខូចខាតយ៉ាងដំណំផងដែរ ។ ដោយឡែកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ដើម្បីមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ