ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ នៅព្រឹកថ្ងៃទី៥ខែមករា រកឃើញវីរុសបំប្លែងថ្មីខុសពីអូមីក្រុង, អាមេរិកបំបែកកំណត់ត្រាពីការឆ្លងកូវីដ-១៩

ចែករំលែក៖

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ជិត២លាននាក់។ បារាំង បានរកឃើញកូវីដ-១៩ បំប្លែងថ្មីខុសពីអូមីក្រុង។ ចំណែកអាមេរិកវិញបានបំបែកកំណត់ត្រាពីករណីឆ្លងដល់ទៅជាង១លាននាក់ក្នុងមួយថ្ងៃ។
តាមគេហទំព័រ Worldometer គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២២ នៅទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩សរុបជាង ២៩៥លាននាក់ និងស្លាប់ជាង ៥,៤លាននាក់។ ករណីឆ្លងក្នុងរយៈពេល២៤ម៉ោងកន្លងមកគឺមានជាង១,៩២លាននាក់ និងស្លាប់ ៥.៦៦៦នាក់។
នៅថ្ងៃទី៣ខែមករា គឺជាថ្ងៃដែលអាមេរិកបំបែកកំណត់ត្រាពីករណីឆ្លងកូវីដ-១៩ ។ តាមតួលេខពីមហាវិទ្យាល័យ Johns Hopkins បានបង្ហាញឱ្យឃើញថា អាមេរិកមានករណីឆ្លងដល់ទៅ ១.០៤២.០០០នាក់ ក្នុងពេល២៤ម៉ោងនាថ្ងៃទី៣ខែមករា។
ចំណែកសារព័ត៌មាន Bloombergនៅថ្ងៃទី៤ខែមករា បានផ្សាយថា «មានពលរដ្ឋអាមេរិកជាង១លាននាក់បានឆ្លងកូវីដ-១៩ នាថ្ងៃទី៣ខែមករា ដោយរលកអូមីក្រុងឆ្លងរាលដាលខ្ពស់។
ចំណែកក្នុងពេល២៤ម៉ោងកន្លងមកអាមេរិកមានករណីឆ្លងកូវីដ-១៩ ចំនួន៤៤១.៧៣៩នាក់។ បារាំងមានករណីឆ្លង ២៧១.៦៨៦នាក់ អង់គ្លេស ២១៨.៧២៤នាក់…។ អាមេរិកជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេបំផុតលើពិភពលោក ដោយមានករណីឆ្លងរហូតដល់ទៅជាង ៥៧,៨លាននាក់ និងស្លាប់ជាង ៨៥០ពាន់នាក់ ។ ឥណ្ឌាឈរលំដាប់ទីពីរ មានករណីឆ្លងជាង៣៥លាននាក់ ។
រីឯតំបន់អឺរ៉ុបវិញរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានករណីឆ្លងកូវីដ-១៩សរុបក្នុងតំបន់ទាំងមូលមានដល់ទៅជាង ៩០,៨លាននាក់ ។ អាស៊ីមានករណីឆ្លងជាង ៨៥,២លាននាក់ ។ អាមេរិកខាងជើងមានករណីឆ្លងជាង៦៨,៣លាននាក់ ។ អាមេរិកខាងត្បូងមានករណីឆ្លងជាង ៤០លាននាក់, អាហ្វ្រិកជាង៩,៩៤លាននាក់ និងអូសេអានីមានករណីឆ្លង៧១២ពាន់នាក់។
នៅពេលនេះដែរ បារាំងបានរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ខុសពីអូមីក្រុង ។ ក្រុមអ្នកវិទ្យាសាស្ត្របារាំងបានរកឃើញវីរុសបំប្លែងថ្មី ដែលអាចគេចពីវ៉ាក់សាំងបានយ៉ាងល្អបំផុត ងាយឆ្លងជាងវីរុសកូវីដ-១៩ដើម ប៉ុន្តែការឆ្លងរាលដាលមិនខ្លាំងដូចអូមីក្រុងឡើយ។ នៅពេលនេះគេរកឃើញ១២ករណីឆ្លងវីរុសបំប្លែងថ្មីខុសពីអូមីក្រុង ក្នុងទីក្រុង Marseille ក្នុងនោះករណីឆ្លងដំបូងទៅលើអ្នកធ្លាប់ទៅធ្វើទេសចរណ៍នៅតំបន់អាហ្វ្រិក៕

ដោយ៖ធីរីណា(រូបថត៖AFP/ TTXVN)


ចែករំលែក៖