ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបFORD RAPTOR ពាក់ស្លាកលេខកម្ពុជា B-CH-007 បុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីងខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកFORD RAPTORមួយគ្រឿងជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យក្រឡាប់ផ្ងារជេីង​រងការខូចខាតយ៉ាងដំណំ​ ធ្វេីឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២២ នៅចំណុចមុខវិទ្យាល័យ​ ជា​ ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFORD RAPTOR ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កម្ពុជាB-CH-007 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១​ពីត្បូងទៅជើងក្នុងល្បឿនលឿន​។ លុះបើកមកដល់ចំណុចកើតហេតុខាងលើគាប់ជួនផ្លូវកោងបន្តិចផង​ ហើយប្រហែលជាបួងចង្កូតមិនទាន់ផង​ ក៏ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យបាក់អស់មួយកង់ ។ ចំណែករថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង រងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននាំគ្នាជួយលើករថយន្តឱ្យឈរត្រង់មកវិញ​ ហើយសំណាងដែរដែលអ្នកបើកបរមិនមានរងរបួស និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ​។ 

  ក្រោយកេីតហេតុ​ គេឃើញមានរថយន្តមួយគ្រឿងបានមកដល់ហើយនាំអ្នកបើកបររថយន្តបង្កហេតុឡេីងជិះចេញពីកន្លែងកើតហេតុបាត់​ទៅ ដោយបន្សល់ទុករថយន្តបង្កឱ្យសមត្ថកិច្ចមូលដ្ឋាន​ និងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ​៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖