ភ្នំពេញ ៖ យុវជនម្នាក់បានដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូតែម្នាក់ឯងយ៉ាងលឿននិងបើកវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលជិះបញ្ច្រាសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ចាំង យុំាងអ៊ុក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិក១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូមម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GU-1824 តាមបណ្ដោយផ្លូវជាតិលេខ៥ ពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម។ ពេលបើកមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-6639 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន និងបើកវ៉ាជែងផងនោះក៏ជ្រុលទៅគ្នាបុកពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ដែលបើកវ៉ាជែងនោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ។ ចំណែកបុរសម្នាក់ដែលជាជនរងគ្រោះត្រូវគេបុកនោះរងរបួសស្រាល តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ រង់ចាំចាត់ការបន្តតាមជំនាញ ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឫស្សីកែវ បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយនាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ