ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់ដេកស្លាប់ក្នុង​តូប​ជួសជុលទូរស័ព្ទដោយសារខ្សែភ្លើងឆក់

ចែករំលែក៖

    ខេត្តបាត់ដំបង ៖ បុរស​ម្នាក់បានស្លាប់ក្នុងតូបអាជីវកម្មរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី​៥ ខែមករា ឆ្នាំ ២០២២ ត្រង់ចំណុច​ក្រុមទី​១ ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ហើយ​ករណីនេះ សមត្ថកិច្ច សង្ស័យថា អាច​បណ្ដាលមកពីខ្សែភ្លើង ឆក់។​

មន្រ្តីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនរងគ្រោះ​ដែលស្លាប់ នោះឈ្មោះ សេង ច​ន្ធី ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ ជាង​ជួសជុលទូរស័ព្ទ រស់នៅក្នុង​ក្រុមទី​៤១ ភូមិ​ព្រែក​មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ​។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលា​ម៉ោង​ប្រហែល ០៦និង២០ នាទី ព្រឹកថ្ងៃកើតហេតុក្មួយ​របស់​ជនរងគ្រោះ បានមកហៅអ្នកជិតខាងឲ្យ​ទៅ​ជួយ​គាស់​តូប របស់​ជនរងគ្រោះ ព្រោះ​ហៅ​មិនឃើញឆ្លើយតប។ លុះអ្នកជិតខាងជួយគាស់​តូបរួច​ក៏បាន​ប្រទះឃើញ បុរសរងគ្រោះ ដេក​ដួល​នៅលើ​ដី ក៏​នាំគ្នាចូលទៅ​ដាស់ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ដល់អ្នកចូលទៅដាស់។ ពេលឃើញដូច្នេះអ្នកទៅជូយម្នាក់ទៀតបានស្ទុះរត់​ទៅ​ដក​ខ្សែ​ឌុយភ្លើងចេញទើប​លែង​ឆក់​។ លុះទៅស្ទាបជនរងគ្រោះទើបដឹងថាបានស្លាប់​បាត់ទៅហើយ​។​

ក្រោយមានហេតុការណ៍នេះកើតឡើង ក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហើយក្រោយមកសមត្ថកិច្ចជំនាញចុះទៅដល់ធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថាជនរងគ្រោះ ពិតជា​ស្លាប់ ដោយ​ឆ្លង​ចរន្តអគ្គិសនី(ខ្សែភ្លើងឆក់) ប្រាកដ​មែនហើយ​ក៏បានប្រគល់​សាកសពជូនសាច់ញាតិ ក្រុម​គ្រូ​សារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖