ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់ក្នុងតូបអាជីវកម្មរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ ២០២២ ត្រង់ចំណុចក្រុមទី១ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយករណីនេះ សមត្ថកិច្ច សង្ស័យថា អាចបណ្ដាលមកពីខ្សែភ្លើង ឆក់។
មន្រ្តីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ នោះឈ្មោះ សេង ចន្ធី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ រស់នៅក្នុងក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រហែល ០៦និង២០ នាទី ព្រឹកថ្ងៃកើតហេតុក្មួយរបស់ជនរងគ្រោះ បានមកហៅអ្នកជិតខាងឲ្យទៅជួយគាស់តូប របស់ជនរងគ្រោះ ព្រោះហៅមិនឃើញឆ្លើយតប។ លុះអ្នកជិតខាងជួយគាស់តូបរួចក៏បានប្រទះឃើញ បុរសរងគ្រោះ ដេកដួលនៅលើដី ក៏នាំគ្នាចូលទៅដាស់ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ដល់អ្នកចូលទៅដាស់។ ពេលឃើញដូច្នេះអ្នកទៅជូយម្នាក់ទៀតបានស្ទុះរត់ទៅដកខ្សែឌុយភ្លើងចេញទើបលែងឆក់។ លុះទៅស្ទាបជនរងគ្រោះទើបដឹងថាបានស្លាប់បាត់ទៅហើយ។
ក្រោយមានហេតុការណ៍នេះកើតឡើង ក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហើយក្រោយមកសមត្ថកិច្ចជំនាញចុះទៅដល់ធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថាជនរងគ្រោះ ពិតជាស្លាប់ ដោយឆ្លងចរន្តអគ្គិសនី(ខ្សែភ្លើងឆក់) ប្រាកដមែនហើយក៏បានប្រគល់សាកសពជូនសាច់ញាតិ ក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ប្រាថ្នា