ព័ត៌មានទាន់ហេតុការណ៍៖

យកការប្រកួតជើងឯកថ្នាក់ជាតិកីឡាទោចក្រយាន បង្កើនទាំងបច្ចេកទេស កីឡាករ ទាំងមន្ត្រីបច្ចេកទេសឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, គោលដៅដ៏ចម្បងរបស់ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលគ្រោងធ្វើឡើងនាថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប គឺជាការបង្កើនគុណភាពបច្ចេកទេសដល់កីឡាករ កីឡាការិនី និងបង្កើនទាំងការរៀបចំរបស់មន្ត្រីបច្ចេកទេស ដើម្បីត្រៀមព្រមគ្នា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះជាការលើកឡើងរបស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន នៅក្នុងឱកាសសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អគ្គលេខាធិការរូបនេះបន្ថែមថា ថ្វីត្បិតតែវិបត្តិជំងឺកូវីដ-១៩បានធ្វើឲ្យការប្រកួតប្រជែងកម្រិតខ្ពស់មួយនេះបានពន្យាពេល ប៉ុន្តែមិនអាចផ្លាស់ប្តូរឆន្ទៈ និងគោលដៅនៃការរៀបចំនេះបាននោះទេ ដោយសហព័ន្ធនៅតែពង្រឹងលើការផលិតធនធានកីឡាទោចក្រយាន ក៏ដូចជាការអភិវឌ្ឍគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមឆ្ពោះទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យផងដែរ។

លោក នូវ ចំរើន គូសបញ្ជាក់ទៀតថា គោលដៅនៃការរៀបចំព្រឹត្តការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ទី១-អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដោយមានការឯកភាព និងណែនាំដ៏ខ្ពងខ្ពស់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធបានដាក់ចេញ ក្នុងការពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំការប្រកួតក្នុងដំណើរឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្តរជាតិផ្សេងៗទៀត នាពេលខាងមុខ។ គោលដៅសំខាន់មួយទៀត គឺការប្រកួតនេះគឺជាការផ្ដល់ឱកាសដល់កីឡាករ កីឡាការិនី បានបញ្ចេញទេពកោសល្យ និងជំនាញ ដើម្បីអភិវឌ្ឍសមត្ថភាព និងកម្រិតបច្ចេកទេសរបស់ពួកគាត់ផងដែរ។

លោកស្រី ឈុន ណៃឈីវ អគ្គនាយិកាក្រុមហ៊ុន  Herbalife បានលើកឡើងដែរថា នេះជាឆ្នាំទី២ ដែលក្រុមហ៊ុនរបស់លោកស្រីបានឧបត្ថម្ភគាំទ្រដល់ការប្រកួតជើងឯកថ្នាក់ជាតិនេះ ដើម្បីរួមចំណែកជាមួយសហព័ន្ធ ក្នុងការផលិតធនធានប្រកបដោយគុណភាព ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាយើង។ លោកស្រីប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់សកម្មភាពកីឡានៅកម្ពុជា មិនត្រឹមតែវិស័យកីឡាកង់នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧបត្ថម្ភគាំទ្រដល់វិស័យកីឡាហែលទឹកកម្ពុជា និងប្រភេទកីឡាមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ក្រៅពីប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រឹត្តិការណ៍នេះក៏ទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន Herbalife នូវថវិកាចំនួន ២០,៧០០ ដុល្លារសហរដ្ឋអាម៉េរិក, ស្រាបៀរហ្គេនស្ពឺត ៨,០០០ ដុល្លារ, ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia Insurance ៥,០០០ ដុល្លារ, ក្រុមហ៊ុនទឹកពិសារ Eragold Spring water ៣,០០០ ដុល្លារ, សណ្ឋាគារ សុខាសៀមរាប ជាសណ្ឋាគារដៃគូ និងបានបញ្ចុះតម្លៃ៥០% ក្នុងកម្មវិធីជប់លៀង, ក្រុមហ៊ុន Wonderpass ជួយរៀបចំរចនាវែបសាយសហព័ន្ធ និងការចុះឈ្មោះ កីឡាករ តាមប្រព័ន្ធអនឡាញ៕

ដោយ ៖ សិលា


ចែករំលែក៖