តាមតួលេខរបស់អង្គការ UNESCO បានប្រកាសថា មានអ្នកសារព័ត៌មាន៥៥នាក់និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរងការសម្លាប់នៅលើពិភពលោកក្នុងឆ្នាំ២០២១។ នេះជាតួលេខអ្នកសារព័ត៌មានស្លាប់ទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ប៉ុន្តែនៅមានសកម្មភាពគំរាមកំហែងប្រឆាំងអ្នកសារព័ត៌មានកើតឡើងជាច្រើន។
លោកស្រី Audrey Azoulay អគ្គនាយកអង្គការ UNESCO បានលើកឡើងថា «ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២១នេះ យើងឃើញនៅមានអ្នកសារព័ត៌មានជាច្រើនប្រឈមការគំរាមកំហែងដល់អាយុជីវិតក្នុងពេលព្យាយាមយកការណ៍ពិតមកលាតត្រដាងឱ្យពិភពលោកបានដឹង។ ពិភពលោកត្រូវការព័ត៌មានច្បាស់លាស់ ឯករាជ្យ ជាងពេលណាទាំងអស់ក្នុងសម័យកាលបច្ចេកវិទ្យាភាវូបនីយកម្ម។ យើងចាំបាច់ត្រូវតែធ្វើសកម្មភាពច្រើនជាងនេះដើម្បីធានាដល់អ្នកដែលបានធ្វើការមិនចេះនឿយហត់ដើម្បីផ្តល់ព័ត៌មានពិត ដោយមិនមានការព្រួយបារម្ភ ភ័យខ្លាចទៀតឡើយ» ។
អ្នកសារព័ត៌មាន២/៣ដែលរងការសម្លាប់នៅក្នុងឆ្នាំ២០២១គឺមិនស្ថិតនៅក្នុងប្រទេសដែលមានសង្គ្រាមប្រដាប់អាវុធនោះឡើយ គឺបានកើតឡើងនៅក្នុងប្រទេសមានសន្តិភាព។ ទាំងនោះបង្ហាញឱ្យឃើញថា បញ្ហាប្រឈមមុខរបស់អ្នកសារព័ត៌មាននៅតែបន្តកើតមានឡើង ក្រោយពីបានលាតត្រដាងអំពើខុសឆ្គងរបស់
អ្នននយោបាយ ឈ្មួញទុច្ចរិតមួយចំនួន។ ករណីស្លាប់គឺផ្ទុយពីឆ្នាំ២០១៣ ដោយពេលនោះអ្នកសារព័ត៌មាន២/៣ស្លាប់នៅក្នុងប្រទេសមានសង្គ្រាម ។
ភាគច្រើនអ្នកសារព័ត៌មានរងការសម្លាប់នៅក្នុងឆ្នាំ២០២១ គឺស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានដល់ទៅ២៣ករណី និងតំបន់អាមេរិកឡាទីន១៤ករណី ក្រៅពីនេះគឺនៅតំបន់ផ្សេងៗទៀត៕
ដោយ៖ធីរីណា(រូបថត៖TTXVN )