ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហការអន្តរជាតិកម្ពុជា បានលើកឡើងថា, ដោយសារកម្ពុជាជា ប្រធានអាស៊ានឆ្នាំ២០២២ស្រាប់ដូច្នេះកម្ពុជាអាចធ្វើការ កោះអញ្ជើញភាគីនៃជម្លោះនៃសហភាពមីយ៉ាន់ម៉ាមកប្រជុំ ដោយផ្ទាល់នៅកម្ពុជា ឬក៏អាចប្រើប្រាស់ការប្រជុំ តាមអនឡាញបាន។
ឆ្លើយតបទៅនឹងសំណួររបស់ សារព័ត៌មាន ដែលសួរ ពាក់ព័ន្ធនឹងទីតាំងនៃការប្រជុំសម្រាប់ស្វែងរកដំណោះ ស្រាយជម្លោះមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបថាប្រទេសកម្ពុជាមានលទ្ធភាពក្នុង ការរៀបចំកិច្ចប្រជុំទាំងនេះ រួមទាំងកិច្ចប្រជុំអំពីដំណោះ ស្រាយ៥ចំណុចរបស់អាស៊ានចំពោះមីយ៉ាន់ម៉ាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា៖ «កិច្ចប្រជុំរបស់ យើងគឺហៅគ្នាមកទាំងអស់។ ទាំងរដ្ឋអំណាចមីយ៉ាន់ម៉ា ទាំងអ្នកផ្តល់ជំនួយទាំងប្រសិតពិសេសពិសេស ទាំងឯក ឧត្តមអគ្គលេខាធិការអាស៊ាន ។ល។ គឺមកជុំគ្នា ដាក់លើតុអីអញ្ចឹងទៅ។ យើងអាចគិតថាកម្ពុជាអាចនឹងមានលទ្ធភាពក្នុងការរៀបចំនូវកិច្ចប្រជុំណាដែល ពិបាកធ្វើនៅមីយ៉ាន់ម៉ា ឬពិបាកធ្វើនៅប្រទេសអីផ្សេង ដោយសារតែយើងជាប្រធានស្រាប់អញ្ចឹងយើងអាចកោះ អញ្ជើញធ្វើដោយផ្ទាល់ក៏បានធ្វើតាមរយៈវីដេអូ conference ក៏បាន» ។
បន្ទាប់ពីប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបមេដឹកនាំយោធា មីន អោនឡាំង កាលពី ម្សិលមិញរួចមករដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាន សន្យាថានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពី អាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេស អាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបាន ទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេស រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ។
វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារ យោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី លោក ប្រធានាធិបតីវីន មឿន និងមន្ត្រីគណបក្សកាន់អំណាច មួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំ ប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោកមីន អោង ឡាំង។
រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិន ពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ខណៈក្រុម ប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើន ផងដែរ។
បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ដែល មានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិ ប្រហែល២០ក្រុម ដែលបានបង្កជាសង្គ្រាមដ៏យូរបំផុត ជាងគេមួយនៅក្នុងពិភពលោក។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១២និង០៣នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយះបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយះការផ្តល់ជំនួយដល់ អ្នកដែលត្រូវការដោយគ្មានការរើសអើង។
សម្តេចតេជោ បានថ្លែងថា, អាស៊ាននិងដៃគូរដែលចង់ចូលរួមក៍ដូចជាមីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱយការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។
សម្តេចតេជោហ៊ុនសែន លើកឡើងថា, អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថាអ្នកចង់ឱយមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។
អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱយមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជម្ងឺរាតត្បាតកូវីដ១៩៕
ដោយ ៖ សិលា