ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង កើតហេតុ ឯម្នាក់ទៀតរងរបួសដោយសារថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ត្រង់ចំណុចភូមិអូរក្រាំងអិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៧ខែមករា ឆ្នាំ២០២២។
មន្រ្តីនគរបាលចរាចរណ៍ស្រុកសំរោងទងបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដា ដេលីម ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ ១D-៧៨៣៧ សណ្ដោងរ៉ឺម៉ក ដែលម៉ូតូនេះបើកបរដោយបុរសម្នាក់ឈ្មោះ ផៃ ភារៈ អាយុ៣៩ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ផៃ ស៊ីនឿន ភេទប្រុស អាយុ៤៣ឆ្នាំ។ អ្នកទាំង២រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង បើកបរពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបុករថយន្ដមួយគ្រឿង ម៉ាកម័រនីង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BM-៨១៣៥ ដែលកំពុងបើកបរពីកើតទៅលិច បញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើករ៉ឺម៉កម៉ូតូស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់។ ចំណែកអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅវាស់វែងនិងយកយានជំនិះ២គ្រឿងនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយពេលក្រោយ។ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប្រាថ្នា