ព័ត៌មានទាន់ហេតុការណ៍៖

កាហ្សាស្ថានចាប់ខ្លួនអតីតអគ្គនាយកចារកិច្ចដោយចោទប្រកាន់ពីបទក្បត់ជាតិ

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលកាហ្សាស្ថានបានចាប់ខ្លួនលោក Karim Massimov អតីតអគ្គនាយកគណៈកម្មការសន្តិសុខជាតិ«ក្រសួងចារកិច្ច» ពីបទក្បត់ជាតិ។ លោក Karim Massimov ទើបតែត្រូវបានដកហូតតំណែងនៅក្នុងសប្តាហ៍នេះ។
គណៈកម្មការសន្តិសុខជាតិកាហ្សាស្ថាន KNB នៅថ្ងៃទី ៨ខែមករាបានប្រកាសថា លោក Karim Massimov ត្រូវបានចាប់ខ្លួនជាមួយមន្ត្រីជាច្រើនរូបផ្សេងទៀត ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីអត្តសញ្ញាណមន្ត្រីដែលបានចាប់ខ្លួននោះឡើយ។
អតីតមន្ត្រីសន្តិសុខជាតិត្រូវបានចាប់ខ្លួន ក្រោយពីមានមនុស្សជាច្រើនបានស្លាប់ដោយអំពើហិង្សា និងអគាររដ្ឋាភិបាលជាច្រើនរងការដុតបំផ្លាញក្នុងពេលធ្វើបាតុកម្មហិង្សា ។ នេះជាអំពើហិង្សាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំដែលប្រទេសកាហ្សាស្ថានទទួលបានឯករាជ្យ។
នៅពេលនេះដែរ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev បានថ្លែងនៅថ្ងៃទី៨ខែមករាថា នឹងគ្មានឡើយនូវកិច្ចសន្ទនាជាមួយក្រុមភេរវករ ខណៈដែលប្រទេសអាស៊ីកណ្តាលមួយនេះ បានជួបប្រទះនូវការតវ៉ា និងអំពើហិង្សាជាប្រវត្តិសាស្ត្រនៅសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២២ នេះតែម្តង។
ប្រធានាធិបតីកាហ្សាក់ស្ថានបានលើកឡើងទៀតថា បាតុកម្មដែលបានកើតមានឡើងកន្លងមកនេះ គឺមានការរៀបចំនិងប្រព្រឹត្តដោយពួកភេរវករ ដែលទទួលបានការហ្វឹកហ្វឺននៅឯក្រៅប្រទេស។ លោក Tokayev បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «បើតាមគំនិតដ៏ល្អិតល្អន់របស់ខ្ញុំ គឺគ្មានឡើយកិច្ចសន្ទនាជាមួយពួកភេរវករ… យើងត្រូវតែសម្លាប់ពួកភេរវករទាំងនោះ»។
បើតាមលោកប្រធានាធិបតីរូបនេះ ក្រុមជនអន្ធពាល និងពួកភេរវករបានទទួលការហ្វឹកហ្វឺន និងរៀបចំផែនការបានយ៉ាងច្បាស់លាស់ ហើយក៏ត្រូវបានបង្គាប់បញ្ជាដោយទីបញ្ជាការកណ្តាលពិសេសថែមទៀត។ លោកបានបន្តទៀតថា ក្រុមអ្នកចាត់ចែងការតវ៉ាកន្លងមកនេះ ខ្លះមិនទាំងចេះនិយាយភាសាកាហ្សាក់ស្ថានផង៕ ដោយ៖ធីរីណា

រូបថត៖Reuters.


ចែករំលែក៖