ទីក្រុង Tianjin ដែលជាទីក្រុងកំពង់ផែធំរបស់ចិន ដែលមានទីតាំងនៅជិតរដ្ឋធានីប៉េកាំង ថ្ងៃនេះ ថ្ងៃទី៩ខែមករា បានចាប់ផ្តើមធ្វើតេស្តទៅលើពលរដ្ឋ១៤លាននាក់ បន្ទាប់ពីបានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង២ករណីនៅក្នុងទីក្រុងនេះ។
សារព័ត៌មានAP បានផ្សាយថា ក្នុងបញ្ជីករណីឆ្លងថ្មី២០នាក់ មាន ១៥នាក់ជាសិស្សមានអាយុចាប់ពី៨-១៣ឆ្នាំ ស្ថិតនៅមជ្ឈមណ្ឌលបង្រៀនបន្ថែម និងអាណាព្យាបាល៤នាក់។ ចំណែកករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ២នាក់នៅទីក្រុងTianjin គឺជាក្មេងស្រីអាយុ១០ឆ្នាំ និងស្ត្រីអាយុ២៩ឆ្នាំ ។ ក្រោយករណីឆ្លងអូមីក្រុងនោះ ទីក្រុងទាំងមូលបានចាប់ផ្តើមធ្វើតេស្តលើពលរដ្ឋ១៤លាននាក់ក្នុងរយៈពេល២ថ្ងៃ។
ចិនបានរឹតបន្តឹងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងពេលការប្រកួតកីឡាអូឡំពិករដូវរងាដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៤ខែកុម្ភៈក្នុងទីក្រុងប៉េកាំង។ ទីក្រុង Tianjin មានចម្ងាយពីទីក្រុងប៉េកាំង១១៥ គីឡូម៉ែត្រតែប៉ុណ្ណោះ។
ចំណែកនៅទីក្រុង Xi’an និង Yuzhou អាជ្ញាធរក៏កំពុងអនុវត្តការបិទខ្ទប់ឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ បញ្ចៀសការឆ្លងរាលដាលកូវីដ-១៩ដែរ ៕ ដោយ៖ធីរីណា
រូបថត៖CFP