ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យម្នាក់ឈ្មោះគ្រឿង សាន់ដេ ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ ។

បើយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីសន្តិសុខនៅវេលាម៉ោង០២រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅចំណុចក្លិបឌីស្កូថាច់ដោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉្សៅហ្មត់ពណ៌ស ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់០,៣៨៤ក្រាម គ្រាប់ថ្នាំពណ៌ផ្កាឈូក ចំនួន១៣គ្រាប់ ស្មើនឹងទម្ងន់៤,៩៧ក្រាម ម៉ូតូចំនួន០១គ្រឿង និងសម្ភារមួយចំនួនទៀត ។ 

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងទៀតថា៖ ជនសង្ស័យរូបនេះក្រោយពីឃាត់ខ្លួននិងសាកសួរចម្លើយ បានឆ្លើយសារភាពថា រូបគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះមករក្សាទុកសម្រាប់ប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត តាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖