ពលរដ្ឋបារាំងប្រមាណជាង ១សែននាក់បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលដែលបានត្រៀមអនុវត្តច្បាប់ស្តីពីកាតវ៉ាក់សាំង ក៏ដូចជារិះគន់ដល់ការលើកឡើងរបស់រដ្ឋាភិបាលប្រធានាធិបតី ម៉ាក្រុង។
ការធ្វើបាតុកម្មកើតឡើងនៅទីក្រុងជាច្រើនទូទាំងប្រទេសបារាំង ហើយរដ្ឋធានីបារីសមានបាតុករច្រើនជាងគេ។ បើទោះបីមានភ្លៀងធ្លាក់ អាកាសធាតុត្រជាក់ តែក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មជាច្រើនម៉ោងដោយមានស្លាកបដាប្រឆាំង «កាតវ៉ាក់សាំង»ដែលរដ្ឋសភាបារាំងបានអនុម័ត ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ខែមករានេះ។
កាតវ៉ាក់សាំង នឹងជំនួស លិខិតបញ្ជាក់ពីសុខាភិបាលដែលបានអនុវត្តកាលពីមុន។ កាតវ៉ាក់សាំង គឺសំដៅទៅលើពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ អ្នកមានកាតនឹងទទួលបានសិទ្ធិក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ទាំងភោជនីយដ្ឋាន ក្លិប រថយន្តក្រុង រថភ្លើង…ជាដើម។
កាលពីថ្ងៃទី៦ខែមករា រដ្ឋសភាបានអនុម័តច្បាប់ស្តីពីកាតវ៉ាក់សាំង ក្រោយការជជែកដេញដោលគ្នសជាច្រើនថ្ងៃទើបបោះឆ្នោតអនុម័តដោយទទួលបានសំឡេងគាំទ្រភាគច្រើន ។ ច្បាប់កាតវ៉ាក់សាំង នឹងបន្តបញ្ជូនទៅកាន់ព្រឹទ្ធសភាអនុម័ត មុនពេលប្រធានាធិបតីចុះហត្ថលេខាក្លាយទៅជាច្បាប់៕ ដោយ៖ធីរីណា
រូបថត៖ France Bleu