ភ្នំពេញ ៖ លោក ពុយ គា អ្នកកាសែតអាជីពជើងចាស់ នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានបង្ហោះលើ facebook ផ្លូវការរបស់លោកថា, អ្នកជំនាញផ្នែកសុខាភិបាលអង់គ្លេសបាននិយាយថាកម្លាំងវ៉ាក់សាំងដូសទី៣ នៅតែផ្តល់ការការពារខ្ពស់ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរពីមេរោគបំប្លែង Omicron ក្នុងចំណោមមនុស្សចាស់។
លោកបន្តថា, ៣ខែបន្ទាប់ពីចាក់ដូសជំរុញទី៣ ការការពារប្រឆាំងនឹងការសម្រាកនៅមន្ទីរពេទ្យនៅតែមានសុពលភាពប្រហែល ៩០% នៃមនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ។
ប៉ុន្តែសម្រាប់អ្នកដែលទើបចាក់បានដូសទី២ ចាំបាច់ត្រូវបន្ថែមដូសទី៣ ព្រោះការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរធ្លាក់ចុះប្រហែល ៧០% បន្ទាប់ពីរយៈពេលបីខែ និងធ្លាក់ដល់ ៥០% បន្ទាប់ពី៦ខែក្រោយ ។
មនុស្សម្នាក់ៗមិនដូចគ្នាទេ ជាពិសេសអ្នកដែលងាយរងគ្រោះខ្លាំងដោយសារតែប្រព័ន្ធការពារខ្សោយ ដូច្នេះអ្នកជំនាញបានណែនាំឱ្យចាក់វ៉ាក់សាំងដូសទី៤ ។
ដោយឡែកកម្ពុជាបានប្រកាសចាប់ផ្តើមបើកយុទ្ធនាការចាក់ដូសជំរុញទី៤នៅថ្ងៃទី១៤ ខែមករាខាងមុខនេះហើយសម្រាប់អ្នកអទិភាពដែលងាយឆ្លង រីឯអ្នកមិនទាន់ចាក់ដូសទី១ ឬដូសទី២ ឬដូសជំរុញទី៣ ក៏អាចទៅទទួលចាក់បានទាំងអស់ ៕
ដោយ ៖ សុខ ខេមរា