ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីអោងសាន ស៊ូជី ត្រូវតុលាការកាត់ទោសដាក់គុក៤ឆ្នាំបន្ថែមទៀត

ចែករំលែក៖

តុលាការមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រីអោងសាន ស៊ូជី ដាក់គុក៤ឆ្នាំបន្ថែមទៀត ក្រោមការចោទប្រកាន់ពីបទនាំចូល និងកាន់កាប់ដោយខុសច្បាប់នូវម៉ាស៊ីនទំនាក់ទំនង walkie-talkies និងរំលោភលើការរឹតត្បិតទប់ស្កាត់កូវីដ-១៩ ។

លោកស្រីត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល២ឆ្នាំតាមច្បាប់នាំចេញនាំចូលនូវម៉ាស៊ីនទំនាក់ទំនងខុសច្បាប់ និងត្រូវជាប់គុកមួយឆ្នាំតាមច្បាប់ទូរគមនាគមន៍ ។ ក្រៅពីនេះលោកស្រីស៊ូជីក៏ជាប់ទោសព្យួរពីរឆ្នាំទៀតពីបទបំពានច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងពេលឃោសនាបោះឆ្នោត។
សេចក្តីសម្រេចរបស់តុលាការធ្វើឡើងនៅថ្ងៃទី១០ខែមករា នៅតុលាការក្នុងរដ្ឋធានីណៃពិដោ។ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា មិនបានផ្តល់ព័ត៌មានបន្ថែមស្តីពីការកាត់ទោសលោកស្រីអោងសាន ស៊ូជីនោះទេ។
ក្រៅពីនេះលោកស្រីស៊ូជី ត្រូវបានកាត់ទោសពីបទល្មើសពីរផ្សេងទៀត ក្នុងនោះមានញុះញុង់ឱ្យមានអំពើហិង្សា បំពានច្បាប់កូវីដ-១៩ ត្រូវកាត់ទោសជាប់គុក៤ឆ្នាំ។ ប៉ុន្តែក្រោយតុលាការប្រកាសសាលក្រមបានប៉ុន្មានម៉ោង ប្រុមុខដឹកនាំមីយ៉ាន់ម៉ា Min Aung Hlaing បានសម្រេចបន្ថយទោសពាក់កណ្តាល។
លោកស្រី អោងសាន ស៊ូជី អាយុ ៧៦ឆ្នាំនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតត្រូវបានកម្លាំងយោធាចាប់ឃុំខ្លួនពីខែកុម្ភៈឆ្នាំ២០២១រហូតមកទល់ពេលនេះ នៅក្នុងការធ្វើរដ្ឋប្រហារមិនបង្ហូរឈាមនៅក្នុងប្រទេសនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា លោកស្រីអោងសាន ស៊ូជី កំពុងប្រឈមនឹងការចោទប្រកាន់ទោសជាច្រើន ក្នុងនោះមានអំពើពុករលួយ បំពានច្បាប់សម្ងាត់ជាតិ បំពានច្បាប់ទូរគមនាគមន៍៕

រូបថត៖AFP

ដោយ៖ធីរីណា(រូបថត៖Bloomberg)


ចែករំលែក៖