ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃចន្ទទី១០ ខែមករា ឆ្នាំ២០២២នេះថា៖ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឆ្លើយនឹងសំណួរ ដែលជាចម្ងល់របស់ឈ្មោះ “គ្មានទេយុត្តិធម៌” ផ្ញើចូលមកប្រព័ន្ធតេឡេក្រាមរបស់កងរាជអាវុធហត្ថ “សំណួរចម្លើយទាក់ទងនឹងកងរាជអាវុធហត្ថ” កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០០ និង៤១នាទី និងម៉ោង០១និង០៧នាទី៖ “សូមគោរព ឯកឧត្ដម ក្នុង នាមខ្ញុំជាបងបុគ្គលមួយរូបដែលត្រូវបានថ្នាក់លើលុបឈ្មោះចេញពីក្របខណ្ឌ ការពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ខ្ញុំសុំសួរថាចំណាត់ការដែរមេPM ខេត្តរតនគិរី បានធ្វើកន្លងទៅនេះ តើកន្លែងណាដែលជា ទំនួលខុសត្រូវ ចំពោះ គាត់ដែរគាត់គឺជាមេ ហេតុអីក្នុងនាមគាត់ជាមេប៉ុន្តែគាត់ស៊ីកូនឯងទៅវិញ ក្នុងនាមខ្ញុំជាបងជាប្អូនក្រុមគ្រួសារសែនសោកស្តាយនៅទំនួលខុសត្រូវ របស់មេ PM ខេត្តរតនគិរីដែលគាត់ជាមេគួរតែមានការអាណិតអាសូរដល់កូនចៅក្រោមឱវាទ តែនេះចាំតែចាប់កំហុសកូនចៅបញ្ជូនតែម្តងនេះរឺទំនួលខុសគាត់ដែលគាត់ជាមេ។”
“សូមគោរព ឯកឧត្ដម សូមឯកឧត្តមជួយពន្យល់ត្រង់ចំនុចនេះបន្តិចឯកឧត្តម គឺការពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សេចក្ដី សម្រេចដែលធ្លាក់មកគឺមិនបានលុបឈ្មោះទេគ្រាន់តែផ្ទេរភារកិច្ចអោយនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យ បុគ្គលិក ផ្ទៃប្រទេស ប៉ុន្តែ សម្រាប់ថ្ងៃពេលចេញដំណើរមកតាមផ្លូវវាតេប្រាប់ខ្ញុំថាមេហៅចូលបន្ទាយវិញសិនពេលទៅដល់វិញវាប្រាប់ញុមថាគេអោយនៅបន្ទាយសិនហាមដើរផ្តេសផ្តាស លុះបានប៉ុន្មានថ្ងៃគេបើកប្រាក់ បៀវត្សរ៍ វាទៅបើកគេថាអត់មានឈ្មោះទេគេកាត់ចេញពីបញ្ជីគ្រប់គ្រងខេត្តហើយ ទាំងរបបខោអាវក៏អត់ ហើយប្អូនខ្ញុំនៅបន្តទៀតទាំងប្រាក់ខែក៏អត់មានដល់វាសួរមេគាត់ថាគាត់អត់ដឹងដែរលុះដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គេថាចេញក្តីស ម្រេច ថ្មីគឺលុបឈ្មោះចេញពីក្របខណ្ឌ មូលហេតុ ដើរហើរសេរីមិនចូលអង្គភាព នឹងពាក់ព័ន្ធសារធាតុញៀន ទាំងដែរគ្នានៅដេករស់នៅក្នុងបន្ទាយសោះមិនដែរទៅណាផងព្រោះនៅរតនគិរីប្អូនខ្ញុំគ្មានផ្ទះទេវារស់នៅក្នុងបន្ទាយ សូមអគុណឯកឧត្ដម សូមគោរពលា។”
បន្ថែមពីនេះ លោកឧត្ដមសេនីយ៍ត្រី អេង ហ៉ី បានថ្លែងបន្តថា ខ្ញុំបាទសូមឆ្លើយតបដូចខាងក្រោម៖
*១- អំពីការទទួលខុសត្រូវ តាមប្រសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា តែងតែលើកឡើងថា “ការគ្រប់គ្រងទ័ពមាន៧ចំណុចសំខាន់ ១_ការហូបចុក ២_ការស្លៀកពាក់ ៣_ការស្នាក់នៅ កន្លែងធ្វើការ ៤_ការរៀនសូត្រ ៥_ការថែទាំសុខភាព ព្យាបាលកងទ័ព ៦_មធ្យោបាយធ្វើដំណើរពេលធ្វើការងារ ៧_ដោះស្រាយគោលនយោបាយទុក្ខលំបាក លើកទឹកចិត្ត និងបង្កបរិយាកាសសប្បាយៗ។” ដូច្នេះលោកឧត្តមសេនីយ៍ មេបញ្ជាការ គ្រប់ថ្នាក់ គាត់មានការទទួលខុសត្រូវខ្ពស់ណាស់ មិនអាចតាមចាប់កំហុសកូនចៅ ដើម្បីលុបឈ្មោះនោះទេ ប្រសិនបើមានបែបនេះមែន សូមលោកបង្ហាញភស្តុតាងមកខ្ញុំបាទតាមរយៈ តេឡេក្រាម “០៨៨៨២៣៤៥៦៨” ខ្ញុំបាទនឹងធ្វើសេចក្តីរាយការណ៍ជូនតាមឋានានុក្រម។
*២- អនុលោមតាមច្បាប់ អនុក្រឹត្យ និងបទបញ្ជា បុគ្គលដែលប្រព្រឹត្តអំពើល្មើសច្បាប់ ឬបោះបង់អង្គភាព សេរី ឈប់លើសពី១៥ថ្ងៃមិនមានការអនុញ្ញាតពីប្រធានអង្គភាពសាមី ត្រូវបានធ្វើសេចក្តីរាយការណ៍តាមឋានានុក្រម ដោយមានកំណត់ហេតុប្រជុំត្រឹមត្រូវ ស្នើសុំលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថ។ ដោយសារស្ថិតនៅក្នុងដំណាក់កាលរៀបចំនីតិវិធី បុគ្គលដែលមានឈ្មោះស្នើ ជំនាញបានបំពេញបែបបទ បញ្ជូនឈ្មោះមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីគ្រប់គ្រងបុគ្គលនោះវិញ។ តាមកំណត់ហេតុប្រជុំជួរបញ្ជាការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្តីពីការស្នើសុំលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រងចំនួនទ័ព ដែលជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តរតនគិរីចំនួន៤នាក់ ក្នុងនោះពាក់ព័ន្ធនឹងទ័ពសេរីចំនួន២នាក់ និងការប្រើប្រាស់គ្រឿងញៀនចំនួន២នាក់។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេច ស្តីពីការលុបឈ្មោះយោធិនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្នុងនោះក៏មានឈ្មោះដែលជាយោធិននៃកងរាជអាវុធហត្ថផងដែរ។
សូមជ្រាប និងសូមគោរពអរគុណចំពោះការសួរមកកងរាជអាវុធហត្ថ៕
ដោយ៖ស តារា