ភ្នំពេញ ៖ មហាអំណាចចិននិយាយថា, ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ាដោយជោគជ័យ ។ នេះជាបញ្ជាក់ដោយ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បាន លើកឡើងថា, ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី១០ខែមករា លោក Wang Wenbin អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានឆ្លើយសំណួរពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ាដោយជោគជ័យ។ លោកបានថ្លែងថា មីយ៉ាន់ម៉ាជាសមាជិកនៃគ្រួសារអាស៊ាន ភាគីចិនសូមគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាម”វិធីអាស៊ាន”ដ៏សមស្រប អនុវត្ត”កុងសុងស៊ីស៥ចំណុច”កាន់តែល្អប្រសើរក្រោមក្របខណ្ឌអាស៊ាន។ ភាគីចិនសូមកោតសរសើរខ្ពស់ចំពោះឆន្ទៈរបស់មីយ៉ាន់ម៉ាក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រេសិតពិសេសអាស៊ានក្នុងការបំពេញបេសកកម្ម ជំរុញការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាង”ផែនទីបង្ហាញផ្លូវប្រាំចំណុច”របស់មីយ៉ាន់ម៉ា និង”កុងសុងស៊ីសប្រាំចំណុច”របស់អាស៊ាន។ ភាគីចិននឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាដែលជាប្រធានប្តូរប្រវេនអាស៊ានក្នុងការដើរតួនាទីយ៉ាងសកម្ម និងរួមចំណែកយ៉ាងសំខាន់ដល់បណ្ដាភាគីក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងការគ្រប់គ្រងបញ្ហាខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនានយោបាយ និងការស្ដារស្ថិរភាពនិងការអភិវឌ្ឍន៍ឱ្យបានឆាប់រហ័ស៕
ដោយ ៖ សុខ ខេមរា