ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកទំនិញបើកបុកម៉ូតូBeatបណ្តាលឲ្យបុរសម្នាក់ ស្លាប់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូឌុបគ្នាហេីយត្រូវរថយន្តបេីកបុកចំពីមុខពេញទំហឹងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញម៉ូតូ ម៉ាកហុងដាBeat ពណ៌ខៀវបិតស្គុតខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-1741 ជិះគ្នា២នាក់ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបង្កម៉ាកហុីយ៉ាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4724 ដឹកទំនិញ បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ អ្នកបើកបររថយន្តឃើញសភាពមិនស្រួលចុះរត់គេចបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះចំណែកសពត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យស្លាកស្នាម ស្រាវជ្រាវស្វែងរកក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរជើងគោកស្នងការក្រុងភ្នំពេញ វាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖