កូរ៉េខាងជើងបានប្រកាសថា ប្រទេសនេះបានសាកល្បងមីស៊ីលល្បឿនលឿនដោយជោគជ័យ ក្រោមការតាមដានរបស់ប្រមុខដឹកនាំ គីម ជុងអ៊ុន។
កម្លាំងទាហានកូរ៉េខាងត្បូងបានវាយតម្លៃថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងមានល្បឿនលឿនជាងសំឡេងដល់ទៅ១០ដង( Mach 10)។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ករណីបាញ់សាកល្បងមីស៊ីល គឺដើម្បីត្រួតពិនិត្យពីលក្ខណៈទូទៅនៃប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេងដែលប្រទេសនេះបានអភិវឌ្ឍន៍។ មីស៊ីលខាងលើអាចវាយប្រហារគោលដៅនៅចម្ងាយ ១០០០គីឡូម៉ែត្រ ។ នេះជាករណីសាកល្បងមីស៊ីលល្បឿនលឿនលើកទី៣របស់កូរ៉េខាងជើងដែលបានប្រកាសជាសាធារណៈ ហើយមេដឹកនាំគីម ជុងអ៊ុនបានត្រួតពិនិត្យការបាញ់សាកល្បងដោយផ្ទាល់។
ពាក់ព័ន្ធនឹងការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង ជើងហោះហើរមួយចំនួននៅតាមព្រលានយន្តហោះស្ថិតនៅបណ្តារដ្ឋភាគខាងលិចសហរដ្ឋអាមេរិកត្រូវបានបង្គាប់ឱ្យផ្អាកជាបណ្តោះអាសន្ន ក្រោយពីប្រទេសកូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលដែលអាចហោះលឿនជាងល្បឿនសំឡេង១០ដង ប្រភេទ (hypersonic missile) កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២២។
រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ជាការបង្កើនភាពប្រុងប្រយ័ត្នសម្រាប់ជំហានដំបូង, FAA បានសម្រេចឱ្យផ្អាកជាបណ្តោះអាសន្ននូវការហោះហើរចេញពីអាកាសយានដ្ឋានមួយចំនួនដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងនៅវ៉ាស៊ីនតោន)»។
នេះគឺជាសកម្មភាពកម្របំផុតមួយ ដែលសហរដ្ឋអាមេរិកជាប្រទេសស្ថិតនៅត្រើយម្ខាងនៃមហាសមុទ្រប៉ាស៊ីហ្វិកបានដាក់ចេញដើម្បីឆ្លើយតបនឹងសកម្មភាពកូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ការធ្វើប្រតិបត្តិការហោះហើរឡើងវិញបានកើតមានឡើងតែ ១៥នាទីប៉ុណ្ណោះក្រោយការផ្អាក។ ប្រការនេះត្រូវបានគេមើលឃើញថា អាចជាការធ្វើតេស្តសាកល្បងរបស់ FAA ក្នុងការត្រៀមខ្លួនចាត់វិធានការបន្ទាន់នៅពេលមានហេតុការណ៍បែបនេះទៀតនៅថ្ងៃមុខ៕ ដោយ៖ធីរីណា
រូបថត៖Yonhap