ភ្នំពេញ ៖ យោងតាមសារាចរលេខ០១ សរ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្ដីពីការជំរុញ ការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវជំរុញការអប់រំផ្សព្វផ្សាយ ដល់កម្មករនិយោជិតជ្រាបអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងត្រូវសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច និងក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ រៀបចំការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិត របស់ខ្លួន នៅតាមទីតាំងរោងចក្រ សហគ្រាស ឬអនុញ្ញាតឱ្យកម្មករនិយោជិតបានទៅចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែលបានកំណត់ ព្រមទាំងផ្តល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករ និយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។
ក្រសួងសូមជម្រាបដែរថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំង ដូសទី១ ទី២ និងដូសជំរុញនានារបស់កម្មករនិយោជិតខ្លួន ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh ផងដែរ។ ដូច្នេះ ម្ចាស់ ឬនាយករោងចក សហគ្រាស ត្រូវតែជំរុញបងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា