ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវខណៈដែលមានបុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់បន្ទាប់ពីគាត់លើកដែកបំពង់ទីបចងមេក្រូហើយលើកឡើងទៅប៉ះនឹងខ្សែកាប្លិ៍ស្រាតនៅក្នុងពិធីមង្គលការអ្នកភូមិ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ យិន មករា អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានមករៀបចំចងមេក្រូដាក់នៅផ្ទះអ្នកភូមិដោយមានពិធីមង្គលការដោយចូលរោងជ័យនៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២២។
ប្រភពបន្តថា ក្រោយមកគេឃើញជនរងគ្រោះលើកដែកបំពង់ទីបចងមេក្រូលើកឡើងទៅប៉ះនឹងខ្សែកាប្លិ៍ស្រាតបណ្ដាលឱ្យឆក់ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះលើកយកមកកប់ដីខ្សាច់ធ្វើចលនាដង្ហើម ប៉ុន្តែអកុសលហួសពេលទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ហើយសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យពិនិត្យមើលសពទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន