ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឈមមុខតានតឹងនៅព្រំដែន ថៃនិងមីយ៉ាន់ម៉ា

ចែករំលែក៖

កាលពីថ្ងៃទី១៣ខែមករា កម្លាំងទាហានថៃបានបាញ់គ្រាប់បែកផ្សែងចូលទៅកាន់ទឹកដីមីយ៉ាន់ម៉ា ក្រោយពេលមានគ្រាប់បែកជាច្រើនដែលបាញ់ចេញពីប្រទេសមីយ៉ាន់ម៉ាចូលទៅកាន់ភូមិមួយនៅក្នុងខេត្ត Tak ។
សង្គ្រាមវាយប្រហារគ្នារវាងកម្លាំងទាហានមីយ៉ាន់ម៉ា នឹងក្រុមទាហានសម្ពន្ធមិត្តជាតិ Karen (KNU) កាន់តែខ្លាំងឡើងស្ថិតនៅក្នុងខេត្ត Myawaddy ជិតព្រំដែនថៃនិងមីយ៉ាន់ម៉ា ។ កម្លាំងទាហានមីយ៉ាន់ម៉ា បានវាយប្រហារទៅលើក្រុមទាហានប្រឆាំងនៅព្រំដែនដោយអាវុធធុនធ្ងន់ ដើម្បីរារាំងផ្លូវជំនួយអាវុធនិងស្បៀងអាហារទៅឱ្យក្រុមប្រឆាំង។ សង្គ្រាមវាយប្រហារគ្នាបានធ្វើឱ្យពលរដ្ឋថៃនៅតំបន់ព្រំដែនត្រូវរកកន្លែងលាក់ខ្លួនដើម្បីសុវត្ថិភាព។
នៅថ្ងៃទី១៣ខែមករា មានការវាយប្រហារគ្នានៅតំបន់ព្រំដែន ធ្វើឱ្យគ្រាប់កាំភ្លើងជាច្រើនបានហោះចូលទៅក្នុងទឹកដីថៃ។ កម្លាំងទាហានថៃក៏មានសកម្មភាពតបតវិញ ដោយបាញ់គ្រាប់បែកផ្សែងចូលទៅកាន់ទឹកដីមីយ៉ាន់ម៉ាជាការព្រមានដល់កម្លាំងទាហានមីយ៉ាន់ម៉ា ។ មកទល់ពេលនេះ មានពលរដ្ឋមីយ៉ាន់ម៉ាជាង១៨០០នាក់កំពុងភៀសខ្លួនរស់នៅក្នុងតំបន់ព្រំដែននៅក្នុងទឹកដីថៃ។
ថៃមានជំរំជនភៀសខ្លួនចំនួន៩ នៅតំបន់ព្រំដែន រយៈពេលជាង ៤ទសវត្សរ៍កន្លងមក ដែលជាទីកន្លែងរស់នៅរបស់ពលរដ្ឋជិត១សែននាក់ ៕ ដោយ៖ធីរីណា

រូបថត៖AP


ចែករំលែក៖