វិស័យពាណិជ្ជកម្មរវាងឥណ្ឌានឹងចិនបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺជាង១២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
សារព័ត៌មាន PTI បានដកស្រង់ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលពន្ធដារ គយនៃប្រទេសចិន បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរវាងឥណ្ឌានឹងចិនក្នុងឆ្នាំ២០២១បានកើនឡើងដល់ ១២៥,៦៦ ពាន់លានដុល្លារអាមេរិក គឺកើនឡើង៤៣.៣% បើធៀបនឹងឆ្នាំ ២០២០។
ការនាំចេញពីប្រទេសចិនទៅកាន់ឥណ្ឌា គិតជាទឹកប្រាក់ជាង ៩៧,៥២ពាន់លានដុល្លារ កើនឡើង ៤៦,២% ។ ចំណែកការនាំចេញពីឥណ្ឌាចូលមកកាន់ចិនវិញមានទឹកប្រាក់ ២៨,១៤ពាន់លានដុល្លារ កើនឡើង៣៤,២%។
ជាមួយគ្នានេះឥណ្ឌាក៏បានអំពាវនាវដល់ទីក្រុងប៉េកាំងឱ្យបើកទ្វារទីផ្សារពាណិជ្ជកម្មសម្រាប់ផលិតផលឥណ្ឌា មានបច្ចេកវិទ្យាព័ត៌មាន និងឱសថរបស់ឥណ្ឌា។
ចំណែការនាំចេញពីប្រទេសចិនចូលទៅកាន់ឥណ្ឌាវិញបានកើនឡើងខ្ពស់នាពេលកន្លងមកដោយសារតែប្រទេសឥណ្ឌានាំចូលផលិតផលពេទ្យពីប្រទេសចិន ដើម្បីបំពេញតម្រូវការក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ នាពេលកន្លងមក។
ទំនាកទំនងវិស័យពាណិជ្ជកម្ម រវាងឥណ្ឌានឹងចិនបានកើនឡើងខ្ពស់បើទោះបីទំនាក់ទំនងប្រទេសទាំងពីរមិនសូវល្អជុំវិញបញ្ហាព្រំដែន នៅក្នុងតំបន់ Ladakhក៏ដោយ ។ បច្ចុប្បន្នភាគីទាំងសងខាងមានទាហានប្រមាណពី៥ម៉ឺនដល់៦ម៉ឺននាក់នៅតាមព្រំដែនគ្រប់គ្រងពិតប្រាកដ(LAC)៕ ដោយ៖ធីរីណា
ប្រភពៈBusiness Standard
រូបថត៖TTXVN