ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍លំនៅ ឋាន របស់បុរីសូណាត្រា នឹងក្លាយជា ជម្រើស ថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានបអរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន សូណាត្រា គ្រុប ដែល បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យ អចលនទ្រព្យ, សំណង់, ហិរញ្ញប្បទាន, គណនេយ្យ-សវនកម្ម និង ភោជនីយដ្ឋានជប៉ុន ព្រមទាំងការវិនិយោគមួយចំនួនទៀត ក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ។ នេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យ ថ្មីមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅ ប្រទេស មកបណ្តាក់ទុន ធ្វើអាជីវកម្មនៅកម្ពុជា កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

       នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ខណៈ លោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋាន របស់បុរីសូណាត្រា ដែលមានទីតាំង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅនា ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

    លោកបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត្រា នឹងក្លាយជា ជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគិន ជនបរទេស ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ស្របពេលដែល ប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

  បច្ចុប្បន្ន វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយ ការសម្រេចចិត្តវិនិយោគក្នុងវិស័យសំណង់លំនៅឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការក្នុងអត្រាខ្ពស់ និងនៅមានភាពទូលំទូលាយដើម្បី គាំទ្រដល់ការលូតលាស់ផ្នែកអចលនទ្រព្យ និងដើម្បីបង្កើនភាពធន់ របស់វិស័យឯកជន ឱ្យកាន់តែរឹងមាំ និងប្រសើរឡើង។

     លោកអភិបាលរាជធានីភ្នំពេញបានអះអាងថា៖ក្នុងរយៈពេល ០២ ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនជឿនលឿនជាងគេ នៅលើពិភពលោក ដោយសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ (GDP per Capita) ពីប្រមាណ ៧៣៨$ នៅឆ្នាំ២០០៨ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

    លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ០២ ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿនជាងគេនៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ច ជាតិជាមធ្យម ៧% ក្នុងមួយឆ្នាំ ទន្ទឹមគ្នាទៅនឹងការកើនឡើងនូវ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ (GDP per Capita) ពីប្រមាណ ៧៣៨$ នៅឆ្នាំ២០០៨ ដល់ ១.៦៨៣$ នៅឆ្នាំ ២០២០ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០។

     លោក ឃួង ស្រេង ក៏បានអំពាវនាវ យ៉ាងទទូចដល់បុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារូសរាន់អញ្ជើញទៅចាក់ វ៉ាក់សាំង ឬ នាំយកបុត្រធីតារបស់លោកអ្នកដែលមានអាយុចាប់ពី ៥ ឆ្នាំ ឡើងទៅ ឱ្យទៅទទួលវាំកំសាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ឱ្យបានទាន់ ពេលវេលា និងគ្រប់ៗគ្នា។

   លោកឧកញ៉ាស៊ន សុខណា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូណាត្រា គ្រុប បានមានប្រសាសន៍លើកឡើងថា៖ ការបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការ គម្រោងលំនៅឋាននេះ ជាការបង្ហាញពីជ្រុងមួយនៃការរីកចំរើនរបស់កម្ពុជា ។

   លោកឧកញ៉ាបន្តថា អាជ្ញាធររាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩រហូតបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលបានធ្វើអោយក្រុមហ៊ុនរបស់លោកអាច បើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនាថ្ងៃនេះ ។

     ក្នុងឱកាសនោះដែរលោកឧកញ៉ាក៏បាបថ្លែងកោតសរសើរចំពោះការដឹកនាំរាជធានីភ្នំពេញរបស់លោក ឃួង ស្រេង មានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះមានវិស័យសំណង់និងអចលនៈទ្រព្យជាក់ស្ដែងថ្ងៃនេះលោកបានគាំទ្រវិស័យឯកជនដោយបានអញ្ជើញក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋានរបស់បុរីសូណាត្រា ៕

ដោយ ៖ សំរិត


ចែករំលែក៖