តាមច្បាប់ថ្មីរបស់រដ្ឋាភិបាលបារាំង ការចាក់វ៉ាក់សាំងដូសទីបីគឺជាកាត្វកិច្ចរបស់ពលរដ្ឋទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ច្បាប់ខាងលើបានអនុវត្តកាលពីថ្ងៃទី១៥ខែមករា ឆ្នាំ២០២២។
តាមច្បាប់ថ្មីដែលបានអនុវត្ត អ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទីពីរបាន៧ខែគឺត្រូវបានចាត់ទុកថាជាការចាក់មិនគ្រប់គ្រាន់ហើយត្រូវតែទៅចាក់ដូសជំរុញ ឬ
ដូសទីបី ។ ដូច្នេះកាតចាក់វ៉ាក់សាំង «គ្រប់ចំនួនពីរដូស»របស់ពលរដ្ឋបារាំងជាងកន្លះលាននាក់បានអស់សុពលភាពនៅថ្ងៃទី១៥ខែមករា ហើយដើម្បីបង្កើតសុពលភាពឡើងវិញគឺត្រូវតែទៅចាក់ដូសទី៣ ។ ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅគឺត្រូវតែទៅចាក់វ៉ាក់សាំងដូសជំរុញទាំងអស់ ដែលជាកាតព្វកិច្ច ។
វាយតម្លៃពីសកម្មភាពរបស់រដ្ឋាភិបាល លោក Julie Petrucci អ្នកឯកទេសស្តីពីបដិសណ្ឋារកិច្ចនៅទីក្រុងប៉ារីសបានបញ្ជាក់ថា «ខ្ញុំគិតថានោះជាដំណឹងល្អ ខ្ញុំមិនថាច្បាប់នេះមានប្រសិទ្ធភាពយូរប៉ុនណាឡើយ ប៉ុន្តែវាជារឿងដ៏ល្អ»។
កន្លងមករដ្ឋសភាបារាំងក៏បានអនុម័តប្រើប្រាស់កាតវ៉ាក់សាំង ក្នុងនោះពលរដ្ឋត្រូវតែមានកាតបញ្ជាក់ពីការចាក់វ៉ាក់សាំងគ្រប់ចំនួនទើបអាចចូលទៅកាន់តំបន់ប្រជុំជនបានដូចជា ក្លិប ភោជនីយដ្ឋាន …។ នៅពេលនេះដែរក្នុងទីក្រុងប៉ារីស ពលរដ្ឋមានសេរីភាពឡើងវិញក្នុងការពាក់ម៉ាស់ ដោយពលរដ្ឋអាចពាក់ម៉ាស់ក៏បានឬមិនពាល់ក៏មិនជាបញ្ហានោះដែរ៕ ដោយ៖ធីរីណា
រូបថត៖baophapluat.vn