ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២នេះជនសង្ស័យប្រុសស្រី៦នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់វិធានការទៅតាមនីតិវិធី។

គួររំលឹកឡើងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានធ្វើការចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង រហូតដល់វេលាម៉ោង២០និង០០នាទី ពេលល្បាតដល់ចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញបុរស២នាក់កំពុងប្រើប្រាស់គ្រឿងញៀន ហើយកម្លាំងក៏បានឃាត់ខ្លួនហើយធ្វើការឆែកឆេរឃើញគ្រឿងញៀន ម៉្សៅក្រាមពណ៌សថ្លាចំនួន៣កូនថង់កិប និង៤បំពង់ទុយោកិប ស្មើនឹងទម្ងន់៣,២០ក្រាម នៅក្នុងកាបូបស្ពាយរបស់ឈ្មោះ ហួន ទាសង់ ហៅ មករា ភេទប្រុស អាយុ២១ឆ្នាំ ចំណែកឈ្មោះ ថា សុភាព ភេទប្រុស អាយុ១៣ឆ្នាំ គ្មានវត្ថុតាងអ្វីឡើយ។ 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងស្រីសោភ័ណ បានឲ្យដឹងថាក្រោយពីសួរនាំជនសង្ស័យទាំង២នាក់រួច ទើបកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបជាបន្តបន្ទាប់បានជនសង្ស័យប្រុស ស្រី ចំនួន៥នាក់បន្ថែមទៀត ព្រមទាំងដកហូតវត្ថុងរួមមាន ម៉្សៅក្រាមពណ៌សថ្លា ចំនួន៤កូនថង់កិប និង២៦បំពង់ទុយោ ស្មើនឹងទម្ងន់ ៦៣,២៨ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមចំនួន៧គ្រាប់,ម៉ូតូចំនួន១គ្រឿង និងសម្ភារ:មួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ ។ 

លោកបានបន្តទៀតថាជនសង្ស័យទាំង៧នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច ឃើញថា ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ចំណែក៣នាក់ទៀតពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតជាអនីតិជនត្រូវបានអប់រំហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។

ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងមានវត្ថុងតាងផង ព្រមទាំងផ្អែកលើការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង៦នាក់ផង ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត និងបញ្ជូនទៅសាលាដំបូងខេត្ត៕

ដោយ៖ ស សម


ចែករំលែក៖