មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមតាលីបង់បានប្រកាសថា នៅថ្ងៃទី ១៥ខែមករាបានរំសាយសមាជិកប្រមាណ៣០០០នាក់ ក្រោយពេលទទួលបានរបាយការណ៍ស្តីពីការបំពានច្បាប់និងធ្វើឲ្យបាត់បង់កិត្តិយសក្រុមតាលីបង់ ។
ក្រោយទទួលបានសិទ្ធិគ្រប់គ្រងអាហ្វហ្គានីស្ថាននៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២១ ក្រុមតាលីបង់បានសន្យាថានឹងដឹកនាំប្រទេស«ដោយទន់ភ្លន់»ជាងកាលពីការដឹកនាំនៅឆ្នាំ ១៩៩៦-២០០១។ ក្រោយឡើងកាន់អំណាចជាថ្មីក្រុមតាលីបង់បានបង្កើតគណៈកម្មការដើម្បីតាមដានសកម្មភាពខុសឆ្គងរបស់ក្រុម ក្នុងគោលដៅបង្កើតកិត្តិយសឡើងវិញ។ មកទល់ពេលនេះក្រុមតាលីបង់ បានបានរំសាយសមាជិកដែលមិនគោរពច្បាប់ចំនួន២.៨៤០នាក់។
ប្រធានគណៈកម្មការត្រួតពិនិត្យរបស់ក្រុមតាលីបង់លោក Latifullah Hakimi មកពីក្រសួងការពារជាតិតាលីបង់បាននិយាយទៅកាន់សារព័ត៌មាន AFP ថា «ពួកគេធ្វើឱ្យប៉ះពាល់ដល់កម្លាំងប្រដាប់អាវុធ ដូច្នេះយើងត្រូវតែដកចេញ ។ សកម្មភាពខាងលើក្នុងគោលដៅធ្វើឱ្យកម្លាំងប៉ូលិសនិងទាហានមានភាពស្អាតស្អំក្នុងពេលអនាគត»។
លោក Latifullah Hakimi បានបញ្ជាក់ថា «អ្នកដែលបានរំសាយចេញពីកងកម្លាំងមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ គ្រឿងញៀន និងជ្រែតជ្រែកចូលកិច្ចការជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ ។ កម្លាំងទាហានក្រុមតាលីបង់ជាច្រើនរូបត្រូវបានក្រុមសិទ្ធិមនុស្សចោទប្រកាន់ថាបានសម្លាប់អតីតកម្លាំងសន្តិសុខ បើទោះបីមានច្បាប់លើកលែងទោសទាំងអស់ពីប្រមុខដឹកនាំក្រុមតាលីបង់ក៏ដោយ ។
លោក Latifullah Hakimi បានបញ្ជាក់ថា សមាជិក្រុមតាលីបង់ដែលបានរំសាយមានមកពី១៤ខេត្តក្រុងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន៕ ដោយ៖ធីរីណា
រូបថត៖AP.