ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​ ហេង​ សំរិន ៖​ ថ្ងៃនេះខ្ញុំនិងភរិយា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤)

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំនិងភរិយា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤)បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្ដេច​ ហេង​ សំរិន​ បានបញ្ជាក់បន្ថែមថា​ ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ពិសេសដើម្បីទប់ស្កាត់វីរុស បំប្លែងថ្មីអូមីក្រុង កុំឱ្យឆ្លងរីករាលដាលក្នុងសង្គមជាតិរបស់យើង។

ម្យ៉ាងវិញទៀត ទោះបីបងប្អូនជនរួមជាតិ បានចាក់វ៉ាក់សាំងដូសជំរុញលើកទី៣ និងលើកទី៤ហើយយ៉ាងណាក្តី សូមបន្តអនុវត្តវិធានការសុខាភិបាល ដូចជាបីកុំ បីការពារឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបយើងអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះរីករាលដាលនៅក្នុងសង្គមជាតិយើងសារជាថ្មីបាន។

ការផ្អាកសកម្មភាពសង្គម និងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជាប្រទេសកម្ពុជានាពេលកន្លងមក ពិតជាបានបង្កការលំបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ច សង្គម ជាពិសេសការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់យើង។ ដូច្នេះដើម្បីជៀសផុតពីការលំបាក ទាំងនោះម្តងទៀត សូមជនរួមជាតិចូលរួមចាក់វ៉ាក់សាំងនិងអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់  មិនត្រូវធ្វេសប្រហែសឡើយ។ មានតែការចូលរួមរបស់យើងគ្រប់គ្នានោះទេ ទើបគ្រួសារយើង សង្គមជាតិយើង អាចឈ្នះនឹងជំងឺកូវីដ-១៩បាន។

ជាថ្មីម្តងទៀតខ្ញុំ សូមសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សាំងបានយ៉ាងជោគជ័យ រហូតយើងអាចឈានដល់ការបើកសង្គម និងសេដ្ឋកិច្ចបានឡើងវិញនៅពេលនេះ។ 

ជាមួយគ្នានេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំងនិងឧបករណ៍វិទ្យាសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ជាបន្តបន្ទាប់ រហូតមក។ 

សូមជនរួមជាតិបានប្រកបតែសេចក្តីសុខ មានសុភមង្គល សុខភាពល្អ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា៕

ដោយ​៖ស​ តារា​


ចែករំលែក៖