ភ្នំពេញ ៖ នៅថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រឹស័ក ព ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក អាស្សាអាត អាល់ហ្សាវ៉ារី ប្រតិភូតំណាងអង្គការបណ្ដុះបណ្ដាលវប្បធម៌អ៊ិស្លាមគូវ៉ែត ( ដែលជាប្រភពម្ចាស់ជំនួយរបស់សមាគមប្រភពល្អកម្ពុជា ) ចូលជួបសម្ដែងការគួរសមក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១០-២០ ខែមករា ឆ្នាំ២០២២ ។
អញ្ជើញចូលរួមជាមួយប្រតិភូរួមមាន លោកឆាយ វណ្ណា សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកតហ៊ើរ អ៊ូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជាផងដែរ។
សូមបញ្ជាក់ថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញរួចរាល់ហើយ។
តែនាព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២កន្លងទៅ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញ (ដូសទី៤) នៅសាលសិក្ខាសាលាបណ្ណាល័យខាងត្បូងវិមានព្រឹទ្ធសភា ។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២៖
-លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០១,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់។
-លើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមាន៩៩,២៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។
-លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន១០៥,៦០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២នាក់។
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៣,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។
លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៤៣% ៕
ដោយ ៖ សិលា