ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បាននឹងកំពុងបំពេញទស្សនកិច្ចផ្លូវការចំនួន៥ថ្ងៃ នៅកម្ពុជា។ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនៅព្រឹកមិញនេះ។
លោកឧបនាយករដ្ឋមន្រ្តីបន្តថា, ខ្ញុំក៏បានទទួលលោកនៅទីស្តីការក្រសួង និងរៀបចំអាហារថ្ងៃត្រង់ជូនគាត់ក្រោយជំនួប។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, យើងបានពិភាក្សាលើបញ្ហាមួយចំនួនខណៈដែលកំពុងត្រៀមរៀបចំកិច្ចប្រជុំអាស៊ានធំៗនាពេលខាងមុខ នេះ។ ក្នុងនាមជាប្រធានអាស៊ាន ខ្ញុំបានជម្រាបអំពីអាទិភាព និងលទ្ធផលគ្រោងទុកសំខាន់ៗរបស់អាស៊ាន ហើយខ្ញុំក៏រីករាយដែលបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីលោក។ យើងទាំងពីរបន្តមានសុទិដ្ឋិនិយមលើអនាគតរបស់អាស៊ាន ទោះបីជាកំពុងប្រឈមនឹងបញ្ហាមួយចំនួនក្តី ពីព្រោះយើង ដឹងច្បាស់ថាស្មារតីសាមគ្គីភាព និងការរួបរួមគ្នារបស់អាស៊ាន នឹងយកឈ្នះរាប់គ្រប់ឧបសគ្គ។
សូមបញ្ជាក់ថា, នៅព្រឹក ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន។
នៅក្នុងជំនួបព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនក្នុងការពិភាក្សាជាមួយ លោកអគ្គលេខាធិការអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានលោកអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលលោកនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានផង នឹងមានជំនួប ជាមួយសហគមន៍បីផ្សេងទៀតនៃអាស៊ាន មានសហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគួសបញ្ជាក់អំពីការងារសំខាន់ៗក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុងតែមាននាពេលនេះ ។ ការប្រឈមមួយចំនួន ទាមទារនូវការខិតខំដើម្បីជំរុញការងារទាំងអស់នោះ ជាពិសេសក្នុងការតភ្ជាប់អាស៊ាន ដែលកន្លងមកមានការរំខានដោយសារវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅនេះ។ ក៏ប៉ុន្តែយើងមើលឃើញជាក់ស្ដែងដែលសមាជិកអាស៊ាននីមួយៗមានវិធានការដោះស្រាយជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ នេះ ។ សម្ដេចតេជោបានមានប្រសាសន៍ យើងត្រូវខិតខំធ្វើយ៉ាងណាជំរុញរៀបចំក្នុងការអនុវត្ត របាំងទេសចរណ៍អាស៊ាននេះ ក្នុងក្របខណ្ឌអាស៊ាននេះអាចជំរុញ វិស័យទេសចរណ៍ឡើងវិញ ក៏ដូចជាវិស័យធុរកិច្ចពាណិជ្ជកម្មផងដែរ។ សម្ដេចតេជោក៏បាន មានប្រសាសន៍អំពីស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ដែលមានការធូរស្រាល ថ្វីត្បិតតែមានការប្រឈមពីមេរោគបម្លែងខ្លួនថ្មីអូមីក្រុងក៏ដោយ តែកម្ពុជាបានខិតខំទប់ស្កាត់ជាបន្តបន្ទាប់។
នៅក្នុងជំនួបនេះសម្ដេចតេជោក៏បានគូសបញ្ជាក់ ចំណុចសំខាន់ៗដូចជា ទី១)ពាក់ព័ន្ធទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ជាពិសេសទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាក្នុងពេលថ្មីៗកន្លងទៅនេះ ដែលមានគោលបំណងគឺចង់ជួយដល់ប្រទេសមីយ៉ាន់ម៉ាដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។ សម្ដេចតេជោក៏បានជម្រាបជូនអំពីគោលបំណង ៣ សំខាន់ៗទៅកាន់មីយ៉ាន់ម៉ា ទី១ធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ , បញ្ឈប់អំពើហិង្សា ទី២)ផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាម៉ាដែលត្រូវការចាំបាច់ និងទី៣)បើកច្រកទ្វារនៃការចរចាររកដំណោះស្រាយ ជាពិសេសសម្រាប់ការងារប្រេសិតពិសេសអាស៊ាននេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពី គំនិតផ្ដួចផ្ដើមរបស់សម្ដេចក្នុងការជំរុញការងារទៅមុខទៀត ជាពិសេសក្នុងការបង្កើនយន្តការជួយដល់មីយ៉ាម៉ា។ យន្តការនោះត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្ន ប្រធានអាស៊ានកាលពីឆ្នាំមុន និងប្រធានអាស៊ានដែលនឹងចូលកាន់ក្រោយកម្ពុជា និងអគ្គលេខាធិការអាស៊ានផងដែរ ដើម្បីធ្វើការជាមួយគ្នាធ្វើយ៉ាងណាក្នុងការជំរុញ តាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា៕
ដោយ ៖ សិលា