ភ្នំពេញ៖ បើយោងតាម (រូបភាពឯកសារប្រកួតកីឡាជនពិការអាស៊ាន និងការហ្វឹកហាត់ក្រុមជម្រើសជាតិជនពិការកម្ពុជា)លើផេកផ្លូវការ ( Cambodia2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ានបានបោះឆ្នោតគាំទ្រប្រទេសឥណ្ឌូនេស៊ីឲ្យទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី១១ ជំនួសប្រទេសវៀតណាម ដែលបានលុបចោលការងារធ្វើម្ចាស់ផ្ទះ ដោយសារជំងឺរាតត្បាតសកល Covid-19 ខណៈលោក យី វាសនា តំណាងសម្តេចតេជោ ហ៊ុន សែន ដែលក្លាយជាប្រធានក្រុមប្រឹក្សាកីឡាជនពិការអាស៊ានបន្តវេនបានចាត់ទុកថា នេះគឺជាឱកាសដ៏ល្អ សម្រាប់អត្តពលិកពិការ និងមន្ត្រីបច្ចេកទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២បានបង្ហាញពីកិច្ចប្រជុំបន្ទាន់មួយ ដែលប្រធានភាគច្រើននៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក (NPCs) រៀងៗខ្លួនបានពិភាក្សាអំពីការដេញថ្លៃរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះជំនួសនៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ បន្ទាប់ពីការលុបចោលដោយម្ចាស់ផ្ទះដើម គឺវៀតណាម កាលពីឆ្នាំមុន។
ប្រទេសឥណ្ឌូណេស៊ីបានស្នើការប្រកួតនេះចាប់ពីថ្ងៃទី២០-៣១ ខែកក្កដា ឆ្នាំ២០២២ លើ១៣ប្រភេទកីឡា នៅទីកន្លែងផ្សេងៗជុំវិញទីក្រុង Solo។ ប្រធាន NPC Indonesia លោក Senny Marbun រីករាយចំពោះទំនុកចិត្តពីបណ្តាលប្រទេសអាស៊ាន។ លោក Senny Marbun លើកឡើងថា ឥណ្ឌូណេស៊ីបានរៀបចំការប្រកួតកីឡាប៉ារ៉ាហ្គេមធំៗចំនួនពីរក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺASEAN Para Games លើកទី៦ នៅទីក្រុង Solo ឆ្នាំ២០១១ និង Asian Para Games ឆ្នាំ២០១៨ នៅទីក្រុង Jakarta នោះ ដោយលោកបានធានាថា រាល់សម្ភារបរិក្ខារ លក្ខខណ្ឌបច្ចេកទេស និងការត្រៀមរៀបចំ ASEAN Para Games លើកទី១១ ត្រូវបានត្រៀមរួចរាល់។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលដឹកនាំកិច្ចប្រជុំ ក្នុងនាមជាតំណាងប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ានមានប្រសាសន៍ថា ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ានទុកពេលឲ្យឥណ្ឌូណេស៊ីបង្ហាញឯកសារពាក់ព័ន្ធមួយចំនួន និងទុកពេល១ខែសម្រាប់ការដេញថ្លៃ ដើម្បីទទួលបានសិទ្ធិផ្លូវការក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ។ កិច្ចប្រជុំស្តីពីការរៀបចំការប្រកួតនេះ គឺដើម្បីរៀបចំការប្រកួតកីឡាជនពិការអាស៊ាននេះឡើងវិញ បន្ទាប់ពីម្ចាស់ផ្ទះចំនួនពីរបានលុបចោល២លើក (រយៈពេល៤ឆ្នាំ) គឺម្ចាស់ផ្ទះ ហ្វីលីពីន លុបចោល កាលពីឆ្នាំ២០១៩ និងម្ចាស់ផ្ទះ វៀតណាម សម្រេចលុបចោលមិនរៀបចំ នៅឆ្នាំ២០២២នេះ (ដោយទទួលធ្វើម្ចាស់ផ្ទះតែ ស៊ីហ្គេម)។ការលុបចោលចំនួន២ព្រឹត្តិការណ៍នេះ គឺជាក្តីបារម្ភរបស់អាស៊ាន ដែលអត្តពលិកពិការ រួមទាំងគណៈកម្មការបច្ចេកទេសមិនបានដុះខាត់សមត្ថភាពជំនាញរបស់ខ្លួន ព្រមទាំងជះឥទ្ធិផលមិនល្អដល់គុណភាពបច្ចេកទេសរបស់អត្តពលិក ក្នុងតំបន់ផងដែរ។
លោកអគ្គលេខាធិការបន្ថែមថា ប្រសិនបើការប្រកួតកីឡាជនពិការអាស៊ាន លើកទី១១នេះអាចដំណើរបាន នោះការបញ្ជូនអត្តពលិកពិការកម្ពុជាក៏នឹងអាចចូលរួមប្រកួតប្រជែង ក្នុងការកសាងសមត្ថភាពបន្ថែម ត្រៀមឆ្ពោះទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣បានកាន់តែល្អប្រសើរផងដែរ។ បច្ចុប្បន្ន កីឡាករ កីឡាការិនីពិការកម្ពុជាកំពុងហ្វឹកហាត់បិទខ្ទប់បានច្រើនប្រភេទកីឡាដែរ ក្រោមការទំនុកបម្រុងពីក្រសួងអប់រំ យុវជន និងកីឡា ហើយប្រសិនបើនៅក្នុងឆ្នាំ២០២២នេះមានការប្រកួតអន្តរជាតិកាន់តែច្រើន នោះការត្រៀមខ្លួនរបស់ប្រភេទកីឡាពិការ សម្រាប់ការធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក៏មានឱកាសកាន់តែច្រើន ក្នុងការប្រជែងមេដាយ ព្រមទាំងផ្តល់ពិសោធន៍កាន់តែច្រើន សម្រាប់មន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេសពិការផងដែរ។ ដូច្នេះវាពិតជាសំខាន់ណាស់ ដែលកម្ពុជាគាំទ្រពេញទំហឹងឲ្យមានការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី នេះ ដើម្បីគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណ២សប្តាហ៍។
លោក យី វាសនា សង្កត់ធ្ងន់ថា ចំពោះការឧបត្ថម្ភគាំទ្រសម្រាប់បេសកកម្មអន្តរជាតិ ជាធម្មតាតែងធ្វើសំណើរឆ្លងតាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដែរ ដោយឯកឧត្តមជឿជាក់ថា សម្តេចតេជោនឹងផ្តល់ការលើកទឹកចិត្តអនុញ្ញាតឲ្យក្រុមអត្តពលិកពិការកម្ពុជាចូលរួមប្រកួតប្រជែងមេដាយ និងមន្ត្រីគណៈកម្មការជំនាញនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)
ក៏នឹងត្រូវចូលរួមដកពិសោធន៍នូវរបៀបរបបនៃប្រព័ន្ធប៉ារ៉ាឡាំពិក ដើម្បីជាចំណេះដឹងយកមកអនុវត្ត នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជាឲ្យទទួលបានជោគជ័យដូចគ្នាផងដែរ។ «អ្វីដែលសំខាន់ ខ្ញុំជឿជា ការចូលរួមរបស់កម្ពុជា គឺជាលើកទឹកចិត្តមួយ ដល់បណ្តាប្រទេសអាស៊ាន និងបង្ហាញថាកម្ពុជាបានស្វះស្វែង ទាំងការដឹកនាំផង ទាំងការចូលរួមផង ដូច្នេះកម្ពុជានឹងមានឥទ្ធិពលច្រើនដោយយើងរំពឹងថា គេនឹងអាចជួយជ្រោមជ្រែងអស់ពីចិត្តពីបណ្តាប្រទេសនានា ក្នុងអាស៊ាន ពេលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ស្របពេលដែលកម្ពុជាបើកចំហរបេះដូង សម្រាប់ការខិតខំចូលរួមមិនខ្លាចការនឿយហត់នេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានក្លាយជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ាន សម្រាប់សិទ្ធិទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួត អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយប្រទេសម្ចាស់ផ្ទះធ្វើមុន និងធ្វើម្ចាស់ផ្ទះបន្ទាប់ គឺជាអនុប្រធាន។ សម្រាប់កិច្ចប្រជុំដឹកនាំក្នុងក្របខណ្ឌកីឡាជនពិការអាស៊ាន គឺសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតជូនលោក យី វាសនា ជាតំណាងសម្តេចតេជោ ក្នុងការដឹកនាំលើកិច្ចការកីឡាអាស៊ានមួយចំនួន ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាកីឡាជនពិការអាស៊ាននេះ៕
ដោយ ៖ សិលា