ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២នេះ បានទទួលជែលលាងដៃ ជំហានទី២ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពីក្រុមហ៊ុនសប្បុរជន ដែលជំហានទី១ បានទទួលកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបាននាំយកជែលលាងដៃទាំងនេះ មកជូនកាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជា នឹងបន្តអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺលើកកម្ពស់អភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាពចំពោះម្ចាស់អំណោយ ក៏ដូចជាផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទទួលផលពីកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា៖ «ជែលលាងដៃទាំងអស់នេះ ពិតជាមានសារសំខាន់សម្រាប់ប្រតិបត្តិករជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយដែលការទទួលជែលជាជំហានទី២នេះ កាកបាទក្រហមកម្ពុជា នឹងបន្តចែកជូនទៅដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៨ផ្សេងទៀត ដែលមិនទាន់បានទទួល និងអនុសាខា ខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ក៏ដូចជាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួន»។
ជាកិច្ចឆ្លើយតប លោក គីម ឆាយដានីតា តំណាងឱ្យលោក ម៉ក់ អ៊ីងថូវ អគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលរួមចំណែកកិច្ចការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈការផ្តល់ជូននូវជែលលាងដៃ ហើយដែលសម្ភារអនាម័យទាំងនេះ ត្រូវបានបែងចែកចំទិសដៅ៕
ដោយ៖ស តារា