ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បើករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសពីរនាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ 2022មិនទាន់មានស្លាកលេខ បើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ លុះបើកមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកមែរសឺដេស C300 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BH-7688 បើកបរដោយបុរសជនជាតិបរទេសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នាបានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យបុរសពីរនាក់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ។ បន្ទាប់ពីកើតហេតុរួច បុរសជនជាតិបរទេសដែលបើករថយន្តមែរសឺដេសបង្កហេតុនោះចុះពីលើរថយន្តមកប្រើកាយវិការមិនសមរម្យជាមួយនឹងសមត្ថកិច្ចមូលដ្ឋានធ្វើឱ្យសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកជាបណ្ដោះអាសន្នរង់ចាំប្រគល់ឱ្យជំនាញចាត់ការបន្ត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
ដោយ៖ និនសុភ័ស្ត