*គ្រឿងអលង្ការនិងគ្រឿងក្រអូប÷ ស្រីៗស្រឡាញ់សម្លៀកបំពាក់ស្រលាញ់គ្រឿងអលង្ការនិងគ្រឿងក្រអូបជាទីបំផុតក្នុងចិត្តពិតមែនហើយតែវេលាទៅវត្តគួរគប្បីកុំតែងខ្លួនឲ្យហួសមាឌពេក។ ខ្ញុំបានអត្ថាធិប្បាយហើយអំពីសម្លៀកបំពាក់ទៅវត្ត តែនេះត្រូវបរិយាយអំពីគ្រឿងអលង្ការនិងគ្រឿងក្រអូបដទៃទៀត។
ការរៀបចំខ្លួនប្រាណទៅវត្ត ហើយប្រដាប់ទៅដោយគ្រឿងអលង្ការនិងគ្រឿងក្រអូបនោះមិនមែនហាមឃាត់ទេ តែត្រូវដាក់គ្រឿងមាស ពេជ្រ ឱ្យល្មមកុំឲ្យច្រើនពេកព្រោះការធ្លាប់ពាក់ទៅហើយក៏ពាក់ខ្លះទៅដោយមិនធ្លាប់ខ្លួនទទេ។ឧបមាដូចខ្សែដៃយ៉ាងតូចមួយជុំម្ខាងនិងចិញ្ចៀន១វង់សម្រាប់អ្នកនៅក្នុងវ័យកណ្ដាលបើគេក្មេងអាចនឹងថែមខ្សែកឬទំហូក៏មិនហួសប្រមាណដែរ។តែបើសក់ស្កូវព្រោងទៅហើយខ្សែកនិងទំហូក៏ផុតពេលវេលាទៅដែរ។
ឯតែទឹកអប់មិនត្រូវលាបច្រើនពេកឱ្យទាល់តែផ្អើលគេឯងទេ គឺថាក្រអូបអស់មួយកុដិឬមួយសាលានោះ។ម្សៅទៀតក៏កុំបំពោកពេក កុំក្រហមពេកដែរ។មូលសេចក្តីទៅបានន័យថាមិនត្រូវតែងខ្លួនឲ្យដូចដើរមើលបុណ្យទាន ឬដើរលេងកម្សាន្តធម្មតានោះទេ។ចូលវត្តត្រូវតែកាន់កិរិយាសុភាពជាដរាប។
២-សម្លៀកបំពាក់ទៅបុណ្យខ្មោច-កាន់ទុក្ខ÷
អ្នកដែលជាសាលោហិតនឹងអ្នកដែលដល់នូវមរណកាល ទោះញាតិជិតក្តី ឆ្ងាយក្តី គប្បីសម្តែងកិរិយាព្រមទាំងវាចាឲ្យជាក់ថា ខ្លួនមានសេចក្តីទុក្ខសោកដោយសេចក្តីព្រាត់ប្រាស់ញាតិសន្តានម្នាក់ក្នុងវេលានោះដែរ។ពេលសពតម្កល់នៅលើផ្ទះ ត្រូវផ្លាស់សំពត់អាវដែលមានពណ៌ឆើតឆាយក្រហម លឿង បៃតង នោះចេញគឺត្រូវស្លៀកពាក់ពណ៌សវិញជាសញ្ញាសម្គាល់ឲ្យដឹងថា យើងជាអ្នកកាន់ទុក្ខ។ នេះតាមបុរាណកាលរបស់ខ្មែរ។ ចំណេរតមកការកាន់ទុក្ខនេះក៏ប្រែប្រួលបន្តិចម្ដងៗតាមអារ្យធម៌នៃប្រទេសអឺរ៉ុបអ្នកខ្លះយល់ថា បើសពនោះត្រូវជាកូន ប្អូន ចៅ ក្មួយ នោះ ពួកស្រីៗគឺជីដូន ម្ដាយ បង ស្រី ម្ដាយធំម្ដាយមីង គប្បីស្លៀកពាក់ខ្មៅ។ចំណែកប្រុសៗវិញគឺជីតា ឪពុកបងប្រុស ឪពុកធំ ឪពុកមា គប្បីស្លៀកពាក់ពណ៌សនៅផ្ទះក៏ដូចជាថ្ងៃហែសពទៅធ្វើឈាបនកិច្ចដែរ។ឯអ្នកដែលត្រូវជាប្អូន ក្មួយ ចៅរបស់សពចាំប្រុស ស្រី ត្រូវស្លៀកពាក់សទាំងអស់។ ដល់អរ្យធម៌ប្រទេសអឺរ៉ុបចូលមកប្រុសៗឈប់ប្រកាន់ថា បងឬប្អូន កូនឬឪ ឬជីតា។ល។ តែកាលណាមានទុក្ខដោយដំណើរបាត់បង់សាច់ញាតិដល់ណាហើយតែងប៉ានដៃខ្មៅនៅដៃអាវខាងឆ្វេងទៀត ។ ជាសម្គាល់តមកទៀតប៉ានដៃខ្មៅនេះក៏មានអ្នកខ្លះនៅប្រើ អ្នកខ្លះគ្រាន់តែយកសំពត់ខ្មៅប្រមាណជា ២សង់ទីម៉ែត្រទទឹង ១០ សង់ទីម៉ែត្របណ្ដោយ មកពាក់ជាប់នឹងផ្នត់អាវបើកកឬអាវអ្វីមួយដែលមកក្រៅបត់ខាងឆ្វេង។សេចក្តីសង្ខេបនៃសម្លៀកបំពាក់កាន់ទុក្ខ បុរសនៅថ្ងៃរំលាយសពឬបញ្ចុះសពត្រូវស្លៀកពាក់សសុទ្ធប៉ានដៃខ្មៅនិងក្រវាត់ខ្មៅស្បែកជើងស ក៏បាន ខ្មៅក៏បាន ថ្ងៃតទៅប្រើខោអាវពណ៌ប្រផេះស្រគាំ។គួរតែក្រវាត់នៅចងខ្មៅដដែលត្រូវកុំផ្លាស់ពណ៌ដទៃទៀតឲ្យសោះលុះត្រាតែគ្រប់កំណត់វេលា ដែលសន្មត់ទុកក្នុងចិត្ត។តាមរបៀបកាន់ទុក្ខដែលនឹងមានសម្តែងតទៅខាងក្រោយ ស្ត្រីគួរមានរបៀបរក្សាពណ៌សំពត់អាវឱ្យទៀងទាត់ដូចជាបុរសដែរ មានតែប៉ានដៃនិងក្រវាត់កប៉ុណ្ណោះ។គ្រឿងតែងខ្លួនអ្នកដែលស្លៀកពាក់កាន់ទុក្ខខ្មៅក្តី សក្តីគប្បីត្រូវតែឈប់ពាក់គ្រឿងមាសពេជ្រជាដាច់ខាត លុះត្រាតែដល់ថ្ងៃលែងកាន់ទុក្ខនោះ។បើកាន់ទុក្ខហើយមិនពាក់មាសពេជ្រហើយការលាបប្រេងម្សៅនិងបបូរមាត់ក្រហមក៏ត្រូវបង្អង់។
ខ្ញុំបានសំគាល់ឃើញមានស្ត្រីខ្លះមានទុក្ខដោយប្ដីស្លាប់ហើយតាំងចិត្តថាលែងយកប្ដីទៀតអ្នកទាំងនោះរក្សាកិរិយាមាយាទបានល្អបរិសុទ្ធអស់មួយជីវិត ។ឈប់គិតក្នុងការតែងខ្លួនគេគិតតែកោរសក់ពាក់ពាក់សដណ្ដប់។ខ្លះដែលទាល់ក្រធនទ្រាំនឹងស្លៀកពាក់សមិនបានគ្រាន់តែកោរសក់ហើយស្លៀកពាក់ខ្លះខ្មៅខ្លះសឬពណ៌ណាដែលប្រផេះស្រគាំខ្លះមិនឆើតឆាយអស់មួយជីវិត។យើងគួរសរសើរពីស្ត្រីចំពូកនេះដែលមានចរិយាល្អប្រព្រឹត្តកាន់ក្រឹត្យវិន័យបានស្អាតមិនឲ្យមានពាក្យអ្នកផងរិះគន់បានឡើយ។
កែសម្រួលដោយ÷ចៅតាជេត(នៅមានត)