ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍÷បុរសពីរនាក់បានជិះម៉ូតូបុកបង្គោលចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

​ខេត្តកែប÷បុរសពីរនាក់បានបាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូដួលបុកនឹងបង្គោលតាមចិញ្ចើមផ្លូវពេញទំហឹង កាលពីវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិចំការចេក រវាងព្រំទល់ភូមិអន្ទង់ស ឃុំកំពង់ទឹក ស្រុកដំណាក់ចង្អើរ

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះធ្វើ ដំណើរតាមបណ្ដោយផ្លូវលេខ 1335 ក្នុងទិសដៅត្បូងទៅជើងដោយជិះម៉ូតូ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JK 3071 លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានរេចង្កូតទៅបុកនឹងបង្គោលតាមចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ និងដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

​ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមក ដល់ទីតាំង ដើម្បីធ្វើការវាស់វែង និងធ្វើកំណត់ហេតុជុំវិញករណីនេះ។ ចំពោះសពជនរងគ្រោះ សមត្ថកិច្ចកំពុងធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយធ្វើដំណើរត្រូវបានរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះ ស្រាយតាមនីតិវិធី។

​គួរបញ្ជាក់ផងដែរថា នេះជាករណីគ្រោះថ្នាក់ដ៏គួរឱ្យសោកស្ដាយមួយ ដែលកើតឡើងនៅពេលយប់អាធ្រាត្រ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ជាពិសេសនៅពេលយប់ និងស្ថានភាពផ្លូវងងឹត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុបែបនេះ៕


ចែករំលែក៖