ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ស្លាប់ក្រោយបើករថយន្តទៅបុកគូទរថយន្ត ធុនធំចតចោលនៅចិញ្ចើមផ្លូវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និង រថយន្តចតចោល បណ្តាលបុរស២នាក់ ស្លាប់ភ្លាមៗ នៅនិងកន្លែងកើត ហេតុ នៅវេលាម៉ោង ០៥:២០នាទី ថ្ងៃទី០៩ ខែឧសភា ២០២៦ លើដងផ្លូវជាតិលេខ១៤៦B ចន្លោះគីឡូម៉ែត្រលេខ ០១-០២ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

យោងតាម របាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថយន្ដ ០១គ្រឿងម៉ាក TOYOTA COROLLA ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 2A-1896 ដែលមានទិស ដៅពីស្រុកព្រៃនប់ ឆ្ពោះទៅ ស្រុកស្ទឹងហាវ (ពីកើតទៅលិច) បើកបរដោយឈ្មោះ ង៉ែត សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិអូរត្រជាក់ ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរចំនួន០១នាក់ឈ្មោះ កង ទុន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរប្រជាការពារ មានទីលំនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

 

លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តសណ្ដោងរ៉ឺម៉ក០១គ្រឿងកំពុងឈប់ចតក្បែរចិញ្ចើមផ្លូវ ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-6661 និងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4B-0240 ដែលមានទិសដៅស្របគ្នា និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកពីក្រោយពេញទំហឹងតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយ អ្នកបើកបរថយន្ដ និង អ្នករួមដំណើរក្នុងរថយន្ដម៉ាក TOYOTA COROLLA (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង រថយន្ដ ត្រូវបានយកមករក្សា ទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ដម៉ាក HYUNDAI បានចេញពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ៕

 


ចែករំលែក៖