ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងបទល្មើសត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមធ្វើការឃាត់ខ្លួន ។
ករណីនេះធ្វើឡើងកាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឱ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋល្អ រាយការណ៍មក និងមានការឯកភាពពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ាម
ម៉េងសែ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី (ដោយប្រេីវិធានញុះញង់) ហើយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ជ្រេស ម៉េងហុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន១២កញ្ចប់)។
ករណីនេះកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១២កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង និងប្រាក់ញុះញុង់ចំនួន ១០០.០០០៛ (ដប់ម៉ឺនរៀល) ។
ជនសង្ស័យត្រូវឃាត់ខ្លួនដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ដោយ ៖ វណ្ណៈ