ភ្នំពេញ ៖ ស្រ្តីម្នាក់ខណ:ដែលកំពុងធ្វើដំណើរតាមផ្លូវស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបទៅបាត់។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដែលទីតាំងកើតហេតុខាងលើស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អួង ស្រីពៅ អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិទន្លេនាម ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។
តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានធ្វើដំណើរមកពីស្រុកកំណើតដោយម៉ូតូ zoomer មួយគ្រឿងពាក់ស្លាកលេខ កំពត1R-3127 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីត្បូងទៅជើងដើម្បីទៅផ្ទះកូនរបស់គាត់នៅម្តុំផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យមកធ្វើសកម្មភាពឆក់យកកាបូបខោអាវរបស់គាត់ដែលក្នុងនោះមានលុយចំនួន៥០ម៉ឺនរៀល ក្រវិលមាស១គូ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតយកទៅបាត់ស្រមោលតែម្ដង។ បន្ទាប់ពីចោរធ្វើសកម្មភាពភ្លាមៗស្រ្តីរងគ្រោះបានដួលម៉ូតូអូសជាច្រើនម៉ែត្រ តែសំណាងរបួសស្រាល។
ប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកើតហេតុបានឱ្យដឹងដែរថា នៅតាមបណ្តោយផ្លូវខាងលើម្តុំមុខព្រលានយន្តយន្តហោះអន្តរជាតិភ្នំពេញគឺតែងតែមានក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកសម្ភាររបស់ប្រជាពលរដ្ឋបានសម្រេចជាញឹកញាប់ តែចំពោះការបង្រ្កាបវិញគឺមិនសូវមានសោះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ព្រោះតែភាពអសន្តិសុខកើតឡើងពីអំពើឆក់ប្លន់នេះ។
ក្រោយពេលកើតហេតុស្រ្តីរងគ្រោះបានធ្វើដំណើរទៅមុខបន្តដើម្បីប្រញាប់ទៅព្យាបាលរបួសសិន ចាំទៅដាក់ពាក្យបណ្តឹងតាមក្រោយ៕
ដោយ៖និន សុភ័ស្ត