ព័ត៌មានទាន់ហេតុការណ៍៖

ថៃកែទម្រង់គណបក្សកាន់អំណាច អគ្គលេខាបក្សត្រូវបានដកតំណែង

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ខែមករា សមាជិកគណៈកម្មាធិការគណបក្សកាន់អំណាចថៃ បានព្រមព្រៀងគ្នា ដកតំណែងអគ្គលេខាធិការបក្សលោក Thamanat Prompow ជាមួយតំណាងរាស្ត្រ២១រូបចេញពីគណបក្ស។
គណបក្សអំណាចរដ្ឋប្រជាជន (Palang Pracharath -PPRP) បានសម្រេចដកតំណែងអគ្គលេខាធិការបក្ស ក្រោយការចោទប្រកាន់ថា អគ្គលេខាធិការ Thamanat Prompow និងបក្សពួករបស់លោកបានធ្វើឱ្យបែកបាក់ក្នុងបក្ស។
ការសម្រេចខាងលើរបស់គណបក្ស PPRP គឺក្រោយពីគណបក្សនេះបានបរាជ័យនៅក្នុងការបោះឆ្នោតបំពេញបន្ថែមកាលពីថ្ងៃទី១៦ខែមករា ស្ថិតនៅក្នុងខេត្ត Chumphon និង Songkhla ។ ការបរាជ័យចំពោះគណបក្សប្រជាធិបតេយ្យក្នុងសម្ពន្ធមិត្តកាន់អំណាច បើទោះបី អគ្គលេខាធិការ Thamanat Prompow ខិតខំដើម្បីជួយដល់បេក្ខភាពរបស់ខ្លួនជាប់ឆ្នោតចូលក្នុងរដ្ឋសភាថៃក្តីក៏មិនបានសម្រេចដែរ។
លោក Thamanat Prompow ជាបុគ្គលមានភាពជិតស្និទ្ធជាមួយមេដឹកនាំបក្ស គឺឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ។ ក្នុងពេលនេះដែរ លោក Thamanat និងតំណាងរាស្ត្រ២១រូបទៀតនឹងត្រូវស្វែងរកគណបក្សផ្សេង ក្នុងរយៈពេល៣០ថ្ងៃដើម្បីការពារកៅអីនៅក្នុងរដ្ឋសភារបស់ខ្លួន៕

ដោយ៖ធីរីណា(រូបថត៖Bangkok Post)


ចែករំលែក៖