មានក្រុមហ៊ុនផលិតឱសថចំនួន២៧ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងផលិតឱសថ molnupiravir ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck សម្រាប់ចែកចាយដល់ប្រទេសក្រីក្រ ក្នុងតម្លៃទាប។
ឱសថព្យាបាលកូវីដ-១៩ molnupiravir នឹងចាប់ចែកចាយដល់ប្រទេសក្រីក្រក្រោយពីមានក្រុមហ៊ុនផលិតជាច្រើនអាចបំពេញតម្រូវការប្រើប្រាស់បានទាន់ពេលវេលា ។ ក្នុងចំណោម២៧ក្រុមហ៊ុនដែលបានព្រមព្រៀងផលិតឱសថព្យាបាលកូវីដ-១៩ នោះមានក្រុមហ៊ុនមកពីប្រទេសចិន ឥណ្ឌា ប្រទេសតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា ។ ការផលិតរបស់ក្រុមហ៊ុនទាំងនោះនឹងចែកចាយដល់១០៥ប្រទេសជុំវិញពិភពលោក ។ តាមគម្រោងនៅខែកុម្ភៈឆ្នាំ២០២២នេះ នឹងចាប់ផ្តើមចែកចាយថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩។
តាមការលើកឡើងរបស់ក្រុមហ៊ុន Merck ថ្នាំព្យាបាល មួយដូសមាន៤០គ្រាប់ សម្រាប់ព្យាបាលក្នុងរយៈពេល៥ថ្ងៃដល់អ្នកជំងឺកូវីដ-១៩ ម្នាក់ ។ តម្លៃក្នុងមួយដូស៤០គ្រាប់នោះនឹងលក់ជូនប្រទេសក្រីក្រក្នុងតម្លៃ២០ដុល្លារ។
ក្នុងពេលថ្នាំព្យាបាលកូវីដ-១៩ ចរាចរទូលំទូលាយជុំវិញពិភពលោកនោះនឹងជួយដល់ការគ្រប់គ្រងកូវីដ-១៩បានយ៉ាងល្អបំផុត ហើយបណ្តាប្រទេសអាចរស់នៅជាមួយកូវីដ-១៩ ដោយមិនសូវមានក្តីកង្វល់នោះឡើយ៕ ដោយ៖ធីរីណា
រូបថត៖Reuters.