ព័ត៌មានទាន់ហេតុការណ៍៖

រឿងអប់រំខ្លី ប៉ុន្តែភ្ជាប់ដោយឈុតឆាកស្រើបស្រាលផ្ទុះការរិះគន់ខ្លាំងៗពេញបណ្តាញសង្គម

ចែករំលែក៖

    ភ្នំពេញ៖ វីដេអូនេះត្រូវបានបញ្ចេញកាលពីព្រលប់ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២នៅលើគណនីហ្វេសប៊ុក ឈ្មោះMean Gaming។ វីដេអូភាគបែបខ្លីៗនេះមានចំណងជើងថា «ប្រពន្ធមិនបានការ» ដែលនៅក្នុងភាគបញ្ចប់នេះតួឯកស្រីដែលត្រូវសម្តែងជាតួអង្គផិតក្បត់ប្តីទៅយកមនុស្សប្រុសថ្មីក្នុងផ្ទះមករួមមេត្រី។ អ្វីដែលធ្វើឱ្យទស្សនិកជនហួសចិត្តមិននឹកស្មានដល់នោះគឺឈុតឱបថើបស្រើបស្រាលលូកស្ទាបនៅលើគ្រែ និងនៅពីមុខប្តីដែលធ្វើពុតជាពិការភ្នែកនោះតែម្តង។

  ការរិះគន់ខ្លាំងៗមិនសំចៃមាត់ទៅលើក្រុមយុវជនមួយក្រុមដែលបានរួមគ្នាផលិតវីដេអូខ្លីថាក្នុងន័យអប់រំ ផ្ទុយទៅវិញក្រោយពីទស្សនាវីដេអូនេះហើយមានទស្សនិកជនច្រើនលើសលប់បានបញ្ចេញសាររិះគន់ និងប្រតិកម្មខ្លាំងៗ ព្រោះមិនអាចទទួលយកបានទៅលើការបង្ហាញឈុតឱបថើបស្រើបស្រាយលូករាវច្របាច់ស្ទើរសព្វប្រាណដោយគ្មានភាពអៀនខ្មាស។ ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះវីដេអូនេះរកបានអ្នកចូលទស្សនាច្រើនជាង២,៦លានដងនៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលអ្នកបញ្ចេញមតិមានប្រមាណជិត៥ពាន់ដង ដែលភាគច្រើនលើសលប់បានបញ្ចេញមតិរិះគន់មិនសំចៃមាត់នូវពាក្យមិនពីរោះត្រចៀក ខណៈដែលវីដេអូខ្លីនេះដែរក៏ត្រូវបានគេឃើញមានការបង្ហោះនៅលើបណ្តាញសង្គមTik Tok ជាហូរហែផងដែរ។  

   បុរសម្នាក់លើកឡើងថា”សូមក្រសួងពាក់ព័ន្ធជួយពិនិត្យមើលក្រុមនេះផងព្រោះធ្វើឱ្យប៉ះដល់សុជីវធម៌ក្នុងសង្គមជាពិសេសក្នុងបណ្តាញសង្គមផ្សព្វផ្សាយហ្វេសប៊ុក TikTok មានក្មេងៗ ព្រះសង្ឃ ជាដើម”។ រហូតមានអ្នកខ្លះលើកឡើងថា មិនមែនជារឿងអប់រំទេ ប៉ុន្តែអាចជារឿងសិចច្រើនជាង និងអាចធ្វើប៉ះពាល់ខ្លាំងដល់តម្លៃស្ត្រីផងដែរ។  អ្វីដែលមានការព្រួយបារម្ភនោះគឺវីដេអូនេះបានបង្ហាញពីភាពស្រើបស្រាលជាច្រើនឈុតច្រើនឆាក ហើយអ្វីដែលជាក្តីបារម្ភដែរនោះគឺវីដេអូនេះត្រូវបានទាំងក្រុមយុវវ័យ និងក្មេងៗដែលប្រើប្រាប់បណ្តាញសង្គមបានឃើញគ្រប់ៗគ្នា។ អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិមិនពេញចិត្តជាខ្លាំងដោយបានចាត់ទុកវីដេអូខាងលើពិតជាបានជះឥទ្ធិពលមិនល្អសម្រាប់សង្គមនិងស្នើឱ្យក្រសួងពាក់ព័ន្ធពិនិត្យលើក្រុមយុវវ័យដែលបានផលិតវីដេអូនេះថែមទៀតផង។  

   គួរបញ្ជាក់ដែរថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងទាំងអស់ឱ្យបញ្ឈប់នូវការផ្សព្វផ្សាយគ្រប់រូបភាព សារជាអក្សរ សំឡេង និងវីដេអូដែលមានលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្កមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពសង្គមជាតិ ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះជាកំហិត។ ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ជាពិសេសអាជីវករតាមប្រព័ន្ធ Online អ្នកនិពន្ធបទភ្លេង ទំនុងច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធបានផ្សព្វផ្សាយរូបភាព សារជាសំឡេង អក្សរ និងវីដេអូប្រកបដោយ

អសីលញាណ ប្រាសចាសក្រមសីលធម៌បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ ជារឿយៗ។ 

  គេនៅមិនទាន់ដឹងនៅឡើយទេថា តើករណីនេះនឹងបន្តទៅជាយ៉ាងណា ខណៈដែលមុននេះមានការរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គមរួមទាំងបុគ្គលល្បីឈ្មោះមួយចំនួនផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖