ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកស្នើផ្តល់ជំនួយវ៉ាក់សាំង៦០លានដូសដល់កូរ៉េខាងជើង

ចែករំលែក៖

តំណាងរាស្ត្រកូរ៉េខាងត្បូងមួយរូប បានលើកឡើងថា អាមេរិកធ្លាប់បានស្នើផ្តល់ជំនួយវ៉ាក់សាំង៦០លានដូសដល់កូរ៉េខាងជើងតាមរយៈអង្គការសហប្រជាជាតិ។ សំណើខាងលើបានធ្វើឡើងតាំងពីចុងឆ្នាំ ២០២១។

តំណាងរាស្ត្រកូរ៉េខាងត្បូង លោក Kim Kyung-hyup បានចែករំលែកព័ត៌មានខាងលើជាមួយបណ្តាញព័ត៌មានយ៉ុងហាប់ នៅថ្ងៃទី២១ខែមករាឆ្នាំ២០២២។ ក្រសួងចារកិច្ចកូរ៉េខាងត្បូងក៏បានលើកឡើងពីព័ត៌មានខាងលើក្នុងកិច្ចប្រជុំសភាកូរ៉េខាងត្បូងដែរ។
លោក Kim Kyung-hyup បានលើកឡើងថា ក្រសួងចារកិច្ចកូរ៉េខាងត្បូងបានបញ្ជាក់ថា អាមេរិកបានលើកឡើងពីគម្រោងផ្តល់វ៉ាក់សាំងជូនកូរ៉េខាងជើងតាមរយៈអង្គការសហប្រជាជាតិ ។ ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Kim Song បានចាប់អារម្មណ៍ចំពោះសំណើផ្តល់ជំនួយវ៉ាក់សាំង ដោយបានដាក់សំណួរសួរថា តើវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer ឬ Moderna។
ឯកអគ្គរដ្ឋទូត Kim Song និយាយថានឹងផ្តល់ព័ត៌មានដល់ទីក្រុងព្យុងយ៉ាង។ សំណើផ្តល់ជូនវ៉ាក់សាំងតាំងពីចុងខែធ្នូឆ្នាំ២០២១ ប៉ុន្តែមកទល់ពេលនេះកូរ៉េខាងជើង នៅតែមិនទាន់ឆ្លើយតបនៅឡើយទេ។ មកទល់ពេលនេះកូរ៉េខាងជើង មិនទាន់មានករណីឆ្លងកូវីដ-១៩ ម្នាក់ណាឡើយ ដោយប្រទេសនេះបានបិទខ្ទប់តាមព្រំដែនយ៉ាងតឹងតែងបំផុត ៕ ដោយ៖ធីរីណា

រូបថត៖Yonhap

រូបថត៖TTXVN 


ចែករំលែក៖