ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតរវាង Inter Milan និង Venezia មានហានិភ័យនៃការពន្យារពេល បន្ទាប់ពីការផ្ទុះឡើងករណីឆ្លង COVID-19

ចែករំលែក៖

ការប្រកួតក្នុងក្របខ័ណ្ឌអុីតាលី Serie A រវាងក្រុមជើងឯក Inter Milan និង Venezia នៅថ្ងៃសៅរ៍នេះមានហានិភ័យនៃការពន្យារពេល បន្ទាប់ពីក្រុម Venezia បានកត់ត្រាករណីវិជ្ជមាន COVID-19 ថ្មីចំនួន១១កាលពីថ្ងៃសុក្រ ទី២១ ខែមករា។

ក្រុម Venezia បានប្រកាសថា មនុស្ស១០នាក់បានធ្វើតេស្តវិជ្ជមាននៅព្រឹកថ្ងៃព្រហស្បតិ៍មុនពេលប្រកាសពីករណីមួយផ្សេងទៀតនៅពេលក្រោយមក។ នោះ​ធ្វើ​ឲ្យ​ចំនួន​ករណី​សរុប​នៅ​ក្លិប​កើន​ដល់១៥ករណី ប៉ុន្តែ​គេ​មិន​បាន​បង្ហាញ​ថា​តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់​នោះ​ទេ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលត្រូវបានជូនដំណឹង ហើយអ្នកដែលរងផលប៉ះពាល់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេហើយ។

យោងតាមពិធីសារកីឡាថ្មីដែលបានយល់ព្រមក្នុងសប្តាហ៍នេះលីគ SerieA នឹងត្រូវបានពន្យារពេល នៅពេលដែលយ៉ាងហោចណាស់៣៥ភាគរយនៃក្រុមកីឡាករ២៥នាក់របស់ក្រុមមួយធ្វើតេស្តវិជ្ជមាន នោះគឺជាកីឡាករ៩នាក់។

សូមបញ្ជាក់ថា ការប្រកួតចំនួន៥មិនទាន់បានដំណើរការនៅរដូវកាលនេះទេ ដោយសារការផ្ទុះឡើងនៃករណីឆ្លង COVID-19 រួមទាំងការប្រកួតរបស់ Inter Milan ជាមួយក្រុម Bologna នៅថ្ងៃទី៧ ខែមករា។ ក្រុម​ជើងឯក​ឈរ​កំពូល​តារាង Inter Milan មាន​២​ពិន្ទុ​ដាច់​ពី​ក្រុម​លេខ២ AC Milan និងមាន១​ប្រកួត​ក្នុង​ដៃ ខណៈក្រុម Venezia ឈរ​នៅ​លេខ១៧មាន២​ពិន្ទុ​ពីលើ​តំបន់​កាត់ចោល ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖