ខេត្តកំពត៖ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ មន្រ្តី ក.ប.ប. ប្រចាំខេត្តកំពត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត។
នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។
មន្រ្តី ក.ប.ប. បានឱ្យដឹងទៀតថា ប្រតិបត្តិការខាងលេីនេះគោលបំណងគឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ។ ជាក់ស្ដែងលទ្ធផលគឺមន្រ្តីជំនាញ បានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញបង្គាចំនួន ១តោន និង៤៨៤គីឡូក្រាមដែលមានសារធាតុ CMC (ចាហួយ) គីមីហាមឃាត់។
ក្រោយប្រតិបត្តិការចប់ មន្រ្តីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថ្មីៗនេះ ក្រោមការសម្របសម្រួលពីលោក ឈារី ម៉ារូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពត សហការជាមួយអាជ្ញាធរដែនដី បានធ្វើការត្រួតពិនិត្យរថយន្តដឹកគ្រឿងសមុទ្រចំនួន០៣ ផ្ទុកបង្គាស្រស់ បង្គាក្រៀម និងមឹកក្រៀម ដែលសមត្ថកិច្ចយើងស្ទាក់ចាប់ និងឃាត់ទុកនៅមុខការិយាល័យកសិកម្មស្រុកកំពង់ត្រាច និងអធិការដ្ឋានស្រុកឈូក។ តាមរយៈលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យឃើញ បង្គាស្រស់ចំនួន២កេសបន្ថែមទៀត ស្មើនឹង ២០គីឡូក្រាម មានចាក់សារធាតុចាហួយនៅក្នុងក្បាលបង្គា។
ដោយឡែក កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មន្ត្រី ក.ប.ប. សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងរួចមកហើយ ដោយបានរកឃើញបង្គាសរុបចំនួន ៦,២៦៨គីឡូក្រាម មានចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ៕
ដោយ៖ស តារា