ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងកូវីដ-១៩នៅវៀតណាមថយចុះ ខណៈចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត១៧៥លានដូស

ចែករំលែក៖

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមបានថយចុះជាងមួយថ្ងៃមុន ដែលជាលទ្ធផលមួយដ៏ល្អក្រោយប្រទេសនេះបានចាក់វ៉ាក់សាំងជាង១៧៤,៩លានដូស ជូនពលរដ្ឋ។ ក្នុងចំណោមនោះមានអ្នកចាក់ដូសទីមួយជាង៧៨,៨លានដូស និងអ្នកចាក់ដូសទីពីរជាង ៧៣,៦លានដូស ។ ជាមួយគ្នានេះការចាក់ដូសជំរុញបានកើនឡើងជាង ២២,៣លានដូសផងដែរ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ចំនួន ១៤,៩៧៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះបានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៩៦៧ករណី ខណៈដែលទីក្រុងហូជីមិញបានរាយការណ៍ថាមានចំនួន១៣៨ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត ដាណាង មានចំនួន៩៨៤ករណី, ខេត្តហាយហ្វុង៧៦៤ករណី និងខេត្ត
ហ៊ុងយេន ៦២៩ករណី។
ករណីឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ន បានងាកទៅបែ៉កខាងជើងនៃប្រទេសវៀតណាមវិញ ដោយកាលពីដំបូងគឺបានឆ្លងភាគច្រើននៅក្នុងតំបន់ខាងត្បូង ចាប់ពីទីក្រុងហូជីមិញដល់ខេត្តខេត្តកាម៉ាវ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,១៤១,៤២២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៨០៤,៨៤៩នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៦,៧១៩នាក់៕

ដោយ៖ធីរីណា(រូបថត៖TTXVN )


ចែករំលែក៖