ព័ត៌មានទាន់ហេតុការណ៍៖

Chelsea, Liverpool ទទួលជ័យជម្នះដូចគ្នា ខណៈ Arsenal និង Leicester City បានត្រឹមស្មើគូប្រកួត

ចែករំលែក៖

ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះដូចគ្នា ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ ចំណែក២ក្រុមទៀតគឺ Arsenal និង Leicester City បានត្រឹមលទ្ធផលស្មើគ្នា។

គ្រាប់​បាល់២​គ្រាប់​ក្នុង​តង់​ទី២ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យរបស់កីឡាករ Hakim Ziyech និង Thiago Silva បាន​ជួយ Chelsea ផ្តួល Tottenham ជា​លើក​ទី៣​ក្នុង​រយៈ​ពេល៣​សប្តាហ៍។ បន្ទាប់ពីបញ្ចប់តង់ទី១កីឡាករ Ziyech បានស៊ុតបញ្ចូលទីក្នុងរយៈពេល២នាទីនៃការចាប់ផ្តើមឡើងវិញគឺនៅនាទីទី៤៧។ ក្រុមម្ចាស់ផ្ទះបាននាំមុខគ្រាប់ទី២ ក្នុង៨នាទីក្រោយមកគឺនៅនាទីទី៥៥ នៅពេលដែលខ្សែការពារ Thiago Silva បានតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់ហ្វ្រីឃីកដ៏ល្អរបស់ Mason Mount ។

ក្នុងតង់ទី១ Tottenham គិតថា ពួកគេបាននាំមុខមុន ខណៈដែល Harry Kane បានស៊ុតបាល់កាត់ពី Kepa Arrizabalaga ប៉ុន្តែគ្រាប់បាល់ត្រូវបានច្រានចោល ខណៈដែលខ្សែប្រយុទ្ធអង់គ្លេសត្រូវបានវិនិច្ឆ័យថា បានរុញ Silva ដល់ដី។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ទទួល​ជ័យ​ជម្នះ​របស់ Chelsea ក្នុង​ការ​ប្រកួត​ជើង​ទី​២​នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ League Cup ទល់​នឹង Spurs ដោយ​សរុបទាំង២ជើង ៣-០ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រនៅកីឡដ្ឋាន Wembley ទល់​នឹង Liverpool។

នេះគឺជាការបរាជ័យលើកដំបូងរបស់ Tottenham ក្នុងលីគចាប់តាំងពីលោក Antonio Conte ដែលជាម្ចាស់ជើងឯក Premier League និង FA Cup ខណៈកំពុងដឹកនាំ Chelsea បានជំនួសលោក Nuno EspiritoSanto ដែលត្រូវបានបណ្តេញចេញកាលពីខែវិច្ឆិកា។

ចំណែកគ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បាននិយាយថា វាលឿនពេកក្នុងការគិតអំពីក្រុមរបស់គាត់តាមទាន់ក្រុមកំពូលតារាង Manchester City បើទោះបីជាកាត់បន្ថយគម្លាតឆ្ងាយបន្តិចក៏ដោយបានយកឈ្នះCrystal Palace ក៏ដោយ។ ក្រុម Liverpool បាននាំមុខក្រុម Crystal Palace នៅតង់ទី១ ដោយរកបាន២គ្រាប់គឺនៅនាទីទី៨ ដោយខ្សែការពារ Van Dijk និង Oxlade-Chamberlain នៅនាទីទី៣២។

ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ Crystal Palace រកបាន១គ្រាប់តាមពីក្រោយវិញដោយកីឡាករ Edouard នៅនាទីទី៥៥ ប៉ុន្តែនៅជិតចប់ការប្រកួតទៅហើយកីឡាករ Fabinho បានស៊ុតបាល់ពិន័យ១១ម៉ែត្របាន១គ្រាប់ទៀតនៅនាទីទី៨៩ ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Liverpool យកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល៣ទល់១។

ដោយឡែកក្រុមកាំភ្លើងធំ Arsenal បានត្រឹមស្មើគ្នា០ទល់០ទៅលើក្រុមភ្ញៀវ Burnley ប៉ុណ្ណោះ បើទោះបីក្រុមម្ចាស់ផ្ទះកាំភ្លើងព្យាយាមសម្រុកយ៉ាងណាក្តីក៏មិនអាចធ្វើអ្វីគូប្រកួតបានដែរ។ រីឯក្រុមម្ចាស់ផ្ទះ Leicester City ក៏ដូចគ្នាគឺតាមត្រឹមប្រកួតស្មើក្រុមភ្ញៀវ Brighton ក្នុងលទ្ធផល១ទល់១ ដែល១គ្រាប់របស់ក្រុម Leicester City រកបានដោយកីឡាករ Daka នៅនាទីទី៤៦ និង១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Welbeck នៅនាទីទី៨២។

លទ្ធផលខាងលើនេះធ្វើឲ្យក្រុមហង្សក្រហម​ Liverpool បន្តឈរលេខ២ក្នុងតារាងមាន៤៨ពិន្ទុ ក្នុង២២ប្រកួត ខណៈតោខៀវ Chelsea ឈរលេខ៣ មាន៤៧ពិន្ទុ ក្នុង២៤ប្រកួត និង Man Utd ឈរលេខ៤ មាន៣៨ពិន្ទុ។ ចំណែកក្រុមកាំភ្លើងធំ Arsenal ឈរចំណាត់ថ្នាក់លេខ៦ មាន៣៦ពិន្ទុ, ក្រុម Leicester City ឈរលេខ១០ មាន២៦ពិន្ទុ និងក្រុមមាន់ខ្នាយមាស Tottenham ធ្លាក់មកឈរចំណាត់ថ្នាក់លេខ៧ មាន៣៦ពិន្ទុ ក្នុង២០ប្រកួតនៅលីគកំពូលអង់គ្លេស ៕

ដោយ៖ ភារៈ(រូបភាព៖ BBC Sport)


ចែករំលែក៖