ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះដូចគ្នា ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ ចំណែក២ក្រុមទៀតគឺ Arsenal និង Leicester City បានត្រឹមលទ្ធផលស្មើគ្នា។
គ្រាប់បាល់២គ្រាប់ក្នុងតង់ទី២ពីការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យរបស់កីឡាករ Hakim Ziyech និង Thiago Silva បានជួយ Chelsea ផ្តួល Tottenham ជាលើកទី៣ក្នុងរយៈពេល៣សប្តាហ៍។ បន្ទាប់ពីបញ្ចប់តង់ទី១កីឡាករ Ziyech បានស៊ុតបញ្ចូលទីក្នុងរយៈពេល២នាទីនៃការចាប់ផ្តើមឡើងវិញគឺនៅនាទីទី៤៧។ ក្រុមម្ចាស់ផ្ទះបាននាំមុខគ្រាប់ទី២ ក្នុង៨នាទីក្រោយមកគឺនៅនាទីទី៥៥ នៅពេលដែលខ្សែការពារ Thiago Silva បានតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់ហ្វ្រីឃីកដ៏ល្អរបស់ Mason Mount ។
ក្នុងតង់ទី១ Tottenham គិតថា ពួកគេបាននាំមុខមុន ខណៈដែល Harry Kane បានស៊ុតបាល់កាត់ពី Kepa Arrizabalaga ប៉ុន្តែគ្រាប់បាល់ត្រូវបានច្រានចោល ខណៈដែលខ្សែប្រយុទ្ធអង់គ្លេសត្រូវបានវិនិច្ឆ័យថា បានរុញ Silva ដល់ដី។
ជ័យជម្នះនេះធ្វើឡើងបន្ទាប់ពីការទទួលជ័យជម្នះរបស់ Chelsea ក្នុងការប្រកួតជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ទល់នឹង Spurs ដោយសរុបទាំង២ជើង ៣-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ទល់នឹង Liverpool។
នេះគឺជាការបរាជ័យលើកដំបូងរបស់ Tottenham ក្នុងលីគចាប់តាំងពីលោក Antonio Conte ដែលជាម្ចាស់ជើងឯក Premier League និង FA Cup ខណៈកំពុងដឹកនាំ Chelsea បានជំនួសលោក Nuno EspiritoSanto ដែលត្រូវបានបណ្តេញចេញកាលពីខែវិច្ឆិកា។
ចំណែកគ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បាននិយាយថា វាលឿនពេកក្នុងការគិតអំពីក្រុមរបស់គាត់តាមទាន់ក្រុមកំពូលតារាង Manchester City បើទោះបីជាកាត់បន្ថយគម្លាតឆ្ងាយបន្តិចក៏ដោយបានយកឈ្នះCrystal Palace ក៏ដោយ។ ក្រុម Liverpool បាននាំមុខក្រុម Crystal Palace នៅតង់ទី១ ដោយរកបាន២គ្រាប់គឺនៅនាទីទី៨ ដោយខ្សែការពារ Van Dijk និង Oxlade-Chamberlain នៅនាទីទី៣២។
ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ Crystal Palace រកបាន១គ្រាប់តាមពីក្រោយវិញដោយកីឡាករ Edouard នៅនាទីទី៥៥ ប៉ុន្តែនៅជិតចប់ការប្រកួតទៅហើយកីឡាករ Fabinho បានស៊ុតបាល់ពិន័យ១១ម៉ែត្របាន១គ្រាប់ទៀតនៅនាទីទី៨៩ ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Liverpool យកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល៣ទល់១។
ដោយឡែកក្រុមកាំភ្លើងធំ Arsenal បានត្រឹមស្មើគ្នា០ទល់០ទៅលើក្រុមភ្ញៀវ Burnley ប៉ុណ្ណោះ បើទោះបីក្រុមម្ចាស់ផ្ទះកាំភ្លើងព្យាយាមសម្រុកយ៉ាងណាក្តីក៏មិនអាចធ្វើអ្វីគូប្រកួតបានដែរ។ រីឯក្រុមម្ចាស់ផ្ទះ Leicester City ក៏ដូចគ្នាគឺតាមត្រឹមប្រកួតស្មើក្រុមភ្ញៀវ Brighton ក្នុងលទ្ធផល១ទល់១ ដែល១គ្រាប់របស់ក្រុម Leicester City រកបានដោយកីឡាករ Daka នៅនាទីទី៤៦ និង១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Welbeck នៅនាទីទី៨២។
លទ្ធផលខាងលើនេះធ្វើឲ្យក្រុមហង្សក្រហម Liverpool បន្តឈរលេខ២ក្នុងតារាងមាន៤៨ពិន្ទុ ក្នុង២២ប្រកួត ខណៈតោខៀវ Chelsea ឈរលេខ៣ មាន៤៧ពិន្ទុ ក្នុង២៤ប្រកួត និង Man Utd ឈរលេខ៤ មាន៣៨ពិន្ទុ។ ចំណែកក្រុមកាំភ្លើងធំ Arsenal ឈរចំណាត់ថ្នាក់លេខ៦ មាន៣៦ពិន្ទុ, ក្រុម Leicester City ឈរលេខ១០ មាន២៦ពិន្ទុ និងក្រុមមាន់ខ្នាយមាស Tottenham ធ្លាក់មកឈរចំណាត់ថ្នាក់លេខ៧ មាន៣៦ពិន្ទុ ក្នុង២០ប្រកួតនៅលីគកំពូលអង់គ្លេស ៕
ដោយ៖ ភារៈ(រូបភាព៖ BBC Sport)