ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនិកជនហាក់មិនអាចទទួលយកបានពីការសុំទោសរបស់តួប្រុសស្រីសម្តែងរឿងខ្លីបែបស្រើបស្រាលនោះ

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះលេចចេញការរិះគន់ខ្លាំងៗទៅកាន់ក្រុមសម្តែងយុវវ័យមួយក្រុមដែលមានរហ័សនាមថា អាមាន និងរ៉ាប៊ី បានបញ្ចេញរឿងខ្លីរហូតទស្សនិកជនច្រើនលើសលប់បានបញ្ចេញសាររិះគន់ និងប្រតិកម្មខ្លាំងមិនអាចទទួលយកបានទៅលើការបង្ហាញឈុតឱបថើបស្រើបស្រាយលូករាវច្របាច់ស្ទើសប់ប្រាណដោយគ្មានភាពអៀនខ្មាស។នៅព្រលប់ថ្ងៃទី២៣ ខែមករានេះ តួសម្តែងប្រុសស្រីក្នុងរឿងបែបនេះចេញមុខសុំទោសជាសាធារណៈដោយលើកឡើងថា ខ្លួនបានដឹងកំហុសនិងស្នើឲ្យមានការយោគយល់ និងសន្យាបញ្ចប់ការសម្តែងរឿងបែបនេះបន្តទៀត ប៉ុន្តែទោះជាយ៉ាងណាក៏មានទស្សនិកជនជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការចេញមុខសុំទោសមួយនេះ។ 

  ការមិនពេញចិត្តចំពោះការចេញមុខសុំទោសនេះព្រោះតែពាក្យសម្តីខ្លះពួកគេហាក់មិនទទួលស្គាល់ពីអ្វីដែលបានធ្វើជ្រុលលើសលប់ ពិសេសការមិនលប់ចេញនូវវីដេអូដែលខ្លួនបានសម្តែង និងមានការរិះគន់ ដែលមានអ្នកចូលទស្សនាច្រើនជាង៣លានដងនោះនៅឡើយគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ ២០២២នេះ។ គេចាំបានថាវីដេអូរឿង”ប្រពន្ធមិនបានការ”ត្រូវបានបញ្ចេញកាលពីព្រលប់ថ្ងៃទី១៧ ខែមករាឆ្នាំ ២០២២នៅលើគណនីយហ្វេសប៊ុក ឈ្មោះMean Gaming។ ក្រៅពីបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកគេក៏សង្កេតឃើញមាន បង្ហោះនៅលើបណ្តាញសង្គមTik Tok ជាហូរហែផងដែរ។ អ្វីដែលមានការព្រួយបារម្ភគឺវីដេអូនេះបានបង្ហាញពីភាពស្រើបស្រាលជាច្រើនឈុតច្រើនឆាក ហើយអ្វីដែលជាក្តីបារម្ភគឺវីដេអូនេះត្រូវបានទាំងក្រុមយុវវ័យ និងក្មេងៗដែលប្រើប្រាស់បណ្តាញសង្គម។ ក្រោយពីលេចចេញការរិះគន់ខ្លាំងៗស្រាប់តែកាលពីព្រលប់ថ្ងៃទី២២ ខែមករា នេះដែរលោក ជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោហ៊ុន សែន បានបញ្ចេញសារប្រតិកម្ម និងស្នើឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យលើករណីខាងលើផងដែរ។  គេនៅបន្តរង់ចាំមើលដែរថាតើករណីនេះនឹងទៅជាយ៉ាងណា។ 

គួរបញ្ជាក់ដែរថាកាលពីអំឡុងខែឧសភា ឆ្នាំ ២០២០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងទាំងអស់ ឱ្យបញ្ឈប់នូវការផ្សាព្វផ្សាយគ្រប់រូបភាព សារជាអក្សរ សំឡេង និងវីដេអូដែលមានលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្កមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពសង្គមជាតិ ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះជាកំហិត។ ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ជាពិសេសអាជីវករតាមប្រព័ន្ធ Online អ្នកនិពន្ធបទភ្លេង ទំនុងច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធបានផ្សព្វផ្សាយរូបភាព សារជាសំឡេង អក្សរ និងវីដេអូប្រកបដោយអសីលធម៌ ប្រាសចាសក្រមសីលធម៌បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ ជារឿយៗ។តាមសេចក្តីណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានព្រមានថា ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយនៅតែបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានខាងលើ ក្រុមប្រឹក្សាវិន័យនឹងសហការ ជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃណីយ៍ និងទូគមនាគមន៍ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ចាត់វិធានការ ដោយអនុលោម តាមក្រមសីលធម៌នៃអ្នកសិល្បៈ ឬប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអុីនធឺណេតនៅកម្ពុជា ឬនឹងដាក់ពាក្យបណ្តឹងទៅតុលាការដោយអនុលោម តាមក្រមព្រហ្មទណ្ឌ ឬច្បាប់ស្តីពីការបង្ក្រាបអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖