ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស៥៧០វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវរថយន្តកុងតឺន័របុកពីក្រោយផ្អើលអ្នកភូមិទាំងរសៀលសំណាងមនុស្សមិនរងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រថយន្តឡិចស៊ីស៥៧០មួយគ្រឿងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវរថយន្តកុងតឺន័របើកស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរសំណាងមនុស្សមិនរងគ្រោះថ្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីរសៀលថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១៣៨និង១៣៩ ស្ថិតក្នុងភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលបើករថយន្តឡិចស៊ីស៥៧០វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់មានឈ្មោះ ងួន ចាន់ពិសិដ្ឋ អាយុ៥១ឆ្នាំ មុខរបរបើកបរ រស់នៅភូមិ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ចំណែកអ្នកបើករថយន្តកុងតឺន័រមានឈ្មោះ ទូច ភានិត  អាយុ៣១ឆ្នាំ មុខរបរបើកបរ រស់នៅភូមិត្រាំស្លឹក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មិនមានរងរបួសនោះទេ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៥៧០មួយគ្រឿង ពណ៌ទឹកមាស  ពាក់ស្លាកលេខ ភ្នំពេញ ២S ៥៧៨៩ លើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ស្រាប់មកដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្តកុងតឺន័រម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A ៣៤២៣ បុកចំពីក្រោយ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច យ៉ាងពេញទំហឹងបណ្ដាលអោយរថយន្តខូចខាតធ្ងន់ផ្នែកខាងក្រោយសំណាងមនុស្សមិនរងគ្រោះថ្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតែម្ដង។

ក្រោយមកសមត្ថកិច្ចមកដល់ធ្វើការវាស់វែងនិងអូសយក មធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖